Uncategorized

រក្សាប្រពៃណីពីបុរាណ ពលរដ្ឋប្រមាណ១០ម៉ឺននាក់ នាំគ្នាចាប់ត្រី មហាសាមគ្គី

 

ត្បូងឃ្មុំ៖ដោយរក្សាមិនឱ្យបាត់បង់ នូវប្រពៃណីពីបុរាណ ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ប្រមាណ១០ម៉ឺននាក់ បាននាំគ្នាជួបជុំ ចាប់ត្រីក្នុងន័យមហាសាមគ្គី ដើម្បីយកចម្អិនទទួលទានជុំគ្នាកម្សាន្តសប្បាយដែលមានទំនៀម ទម្លាប់ពីមុនរហូតមក។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំបានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ប្រមាណ១០ម៉ឺននាក់បានជួបជុំគ្នា បង្ហាញពីភាពសប្បាយរីករាយ ចុះចាប់ត្រីក្នុងបឹងតាមបែបបុរាណ កាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៤។ការចាប់ត្រីមហាសាមគ្គីនោះ ពលរដ្ឋតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំក្នុង ខែកុម្ភៈ ដែលស្ថិតនៅបឹងក្រមឬបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា ក្នុងការជួបជុំចាប់ត្រីនោះ ក៏មានវត្តមាន ឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្តជាមួយប្រជាពលរដ្ឋជាច្រើនកុះករ។

ពិធីចាប់ត្រីនេះ ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឡើងឱ្យកាន់តែធំ ក្រោមការផ្តួចផ្តើមពីលោក ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង រំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរតំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយ រីករាយជួបជុំជូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

លោកប្រធានមន្ទីរបានបន្តថា ក្នុងកម្មវិធីចុះចាប់ត្រី យកមកចម្អិនទទួលទានជុំគ្នា ជាអាហារសាមគ្គី ដោយមានការប្រគុំតន្ត្រី រាំលេងកម្សាន្ត។ពិសេសជាងនេះទៀត ដើម្បីបង្កើនការលើកទឹកចិត្តដល់អ្នកដែលចាប់បានត្រីច្រើន។ ក្នុងនោះទទួលបានប្រាក់រង្វាន់ដូចជា -លេខ១បានថវិកា៥០០.០០០រៀល-លេខ២ បានថវិកា៤០០.០០០រៀល-លេខ៣ បានថវិកា៣០០.០០០រៀល-លេខ៤ បានថវិកា២០០.០០០រៀល-លេខ៥បានថវិកាចំនួន ១០.០០០០រៀល។
ចំណែកលេខ៦ ដល់លេខ១០ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀល។ថវិកាជារង្វាន់នេះត្រូវបាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវបានផ្តល់ជូន។ក្នុងនោះថ្នាក់ដឹកនាំខេត្តបានជួយ នំបញ្ចុកចំនួន៣០០គីឡូក្រាមហូបជាមួយសម្លខ្មែរនិងត្រីស្រស់ ដល់បងប្អូនដែលចូលរួមនាកម្មវិធីនេះ។

សូមបញ្ជាក់ថាតំបន់បឹងក្រម មានផ្ទៃដីទំហំប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឱ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះទេដើម្បីទុកត្រីសម្រាប់ពិធីចាប់ត្រីសាមគ្គីនេះ។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *