ព័ត៌មានជាតិ

ឯកឧត្តម គឹម រិទ្ធី ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ!

(ព្រះវិហារ) នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្នុងឱកាសក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការសាខា និងអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារអាណត្តិទី៥ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវជាអនុប្រធាន សមាជិក គណៈកម្មាធិការសាខា លោក លោកស្រី ប្រធានអនុសាខាកាកបាទក្រហមជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ

មានប្រសាន៍ប្តេជ្ញាចិត្តនាឱកាសនេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែលត្រូវប្រកាសទទួលស្គាល់ បានសំដែងក្តីសោមន្សរីករាយដែលទទួលស្គាល់ឯកឧត្តមជាប្រធាន ដើម្បីបន្តដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារអាណត្តិទី៥ សម្រាប់ស្ថាប័ន្ធមនុស្សធម៌ដ៏ឧត្តុង្គឧត្តមលើទឹកដីខេត្តព្រះវិហារ ។ឯកឧត្តមបានប្តេជ្ញាប្រកាន់ខ្ជាប់ និងយកចិត្តទុកដាក់ខ្ពស់គោលការណ៍គ្រឹះទាំង៧ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ខិតខំអនុវត្តឲ្យបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា២០២១-២០៣០ ពិសេសខិតខំកៀរគរមូលនិធិសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌ក្នុងខេត្តព្រះវិហារយើង ។

មានប្រសាសន៍ផ្តាំផ្ញើរនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានថ្លែងកោតសសើរចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក្នុងកិច្ចការងារមនុស្សធម៌ក្នុងខេត្តព្រះវិហារ បន្ថែមពីនោះបានទាំងស្វែងរកបានដីបម្រុងទុកសម្រាប់សាងសង់អគារអនុសាខាថែមទៀតផង ។លោកជំទាវ បានផ្តាំផ្ញើរដល់សមាជិក សមាជិកាសាខា ត្រូវបន្តសកម្មភាពមនុស្សធម៌នេះបន្ថែមទៀត បន្តខិតខំកៀរគរធនធានពីសប្បុរសជនានា ចូលរួមលើកិច្ចការងារមនុស្សធម៌ក្នុងខេត្តព្រះវិហារឲ្យល្អប្រើរបន្ថែមទៀត ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *