ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាកសិករសូមបញ្ឈប់ការធ្វើស្រែប្រាំងបន្តទៀត និងសន្សំសំចៃទឹកទុក សម្រាប់ប្រើប្រាស់៣ខែ បន្តបន្ទាប់ទៀត

(ពោធិ៍សាត់)៖ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនប្រជាកសិករ សូមឱ្យមានការចូលរួម យោគយល់ អធ្យាស្រ័យគ្នា បញ្ឈប់ការធ្វើស្រែប្រាំងបន្ថែមទៀត និងសន្សំសម្ចៃទឹកទុក សម្រាប់ប្រើប្រាស់៣ខែបន្តបន្ទាប់ទៀត ខណៈដែលពួកគាត់អនុវត្តលើសផែនការកំណត់។

លោកអភិបាលរងខេត្ត បានអំពាវនាវបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យមើល ផែនការដែលបានដាក់ចេញកន្លងមក ជុំវិញការបែងចែកការប្រើប្រាស់ទឹក ចាប់ពីទ្វាទឹកទី៥ រហូតដល់ដើមប្រឡាយមេដំណាក់អំពិល ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលជួបបញ្ហាខ្វះខាតទឹក។

លោក ឡាយ វិសិដ្ឋ បានជម្រាបជូនថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលមានតម្លៃស្រូវខ្ពស់ ហើយបងប្អូនប្រជាកសិករយើង បានធ្វើស្រូវប្រាំង លើសផែនការកំណត់ ជិត៣០០%នៃផែនការ ដូច្នេះហើយកង្វះខាតទឹករឹតតែខ្វះខាត សម្រាប់ឆ្នាំនេះ និងប្រឈមខ្លាំងមែនទែន សម្រាប់ការបែងចែកទឹក។

លោកបានជម្រាបជូនទៀតថា ការបែងចែកទឹក យើងបានរៀបចំបែងចែក ជា៣ដំណាក់កាល ដោយដំណាក់កាលទី១ យើងបានបែងចែកទឹកត្រង់ ទៅឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ តាមប្រឡាយមេដំណាក់អំពិល, ដំណាក់កាលទី២ យើងបែងចែកទឹក ទៅឃុំបាក់ចិញ្ចៀន ឃុំតាលោ ស្រុកតាលោសែនជ័យ និងភូមិមួយចំនួនទៀត នៃឃុំត្រពាំងជង ស្រុកបាកាន។ ដោយឡែកនៅភូមិនេះ សម្រាប់អ្នកបាក់ចិញ្ចៀន និងចុងភូមិកណ្តឹងមាស និងផ្នែកខ្លះក្នុងភូមិចំការអូរ ដែលកំពុងតែធ្វើចលនាបូមយ៉ាងសស្រាក់សស្រាំ។ សម្រាប់ទិសដៅបន្ត ដំណាក់កាលទី៣ គឺយើងត្រូវធ្វើការបែងចែកទឹកនេះ ទម្លាក់ទៅឃុំមេទឹក និងឃុំខ្នារទទឹង ស្រុកបាកានបន្ថែមទៀត។

លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ សូមបញ្ឈប់បន្តការធ្វើស្រែប្រាំងបន្ថែមទៀត ដោយសារតែមានកង្វះខាតទឹក បន្ទាប់ពីប្រមូលផលហើយនោះ សូមបិទការធ្វើស្រែប្រាំង និងនាំគ្នាសន្សំសម្ចៃទឹក ទុកចែករំលែក និងសម្រាប់ប្រើប្រាស់លើជីវិតមនុស្ស សត្វ និងទឹកស្អាត។

ពិតណាស់មិនត្រឹមតែស្រុកបាកានប៉ុណ្ណោះទេ ដែលជួបបញ្ហាប្រឈម នៅស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងដោយឡែកស្រុកកណ្តៀងយើង ក៏មានបញ្ហាប្រឈមដូចគ្នានោះផងដែរ។ លោកនៅតែអំពាវនាវយ៉ាងទទូច សូមឱ្យបងប្អូនមានការចូលរួម យោគយល់ អធ្យាស្រ័យគ្នា បញ្ឈប់ការធ្វើស្រែប្រាំងបន្ថែមទៀត និងសន្សំសម្ចៃទឹកទុក ព្រោះថាប្រភពទឹកឆ្នាំនេះ នៅទំនប់ទី៥យើងបើកឱ្យប្រើប្រាស់អស់ហើយ និងទំនប់ទី៣ យើងនៅសល់ទឹកតែ៦០%ទេ គឺទុកសម្រាប់ប្រើប្រាស់៣ខែបន្តបន្ទាប់ទៀត លើជីវិតមនុស្ស សត្វ និងទឹកស្អាត។

លោកបានគូសបញ្ជាក់ថា ដំណាំស្រូវ មិនមែនជាដំណាំទឹក ដូចជាព្រលិត រំចង់ និងឈូកនោះទេ ក៏ប៉ុន្តែដំណាំស្រូវ គឺជាដំណាំដែលធន់នឹងទឹក ដូច្នេះហើយដំណាំស្រូវ​ គឺត្រូវការទឹកតែសើមដី ឬមួយចង្អាមផុតពីដីប៉ុណ្ណោះ។ លោកសូមឱ្យបងប្អូនប្រជាកសិករ មេត្តាកុំយល់ច្រឡុំថាដំណាំស្រូវ ត្រូវការទឹកបរិបូរណ៌ហូរហៀរបែកខ្ចាយនោះ។ ហើយប្រសិនបើ អ្នកមានទឹកក្នុងស្រែហើយ សូមផ្អាកបូម ដើម្បីបញ្ជូនទឹកនេះ ដល់ស្រែស្រូវដែលត្រូវការទឹកជាចាំបាច់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *