ព័ត៌មានសន្តិសុខសង្គម

ឆេះពូកក្នុងបន្ទប់ បណ្ដាលអោយក្មេងស្រីម្នាក់ថប់ដង្ហើមស្លាប់

ភ្នំពេញ៖ភ្លើងកើតពីការឆ្លងចរន្តអគ្គិសនីបានឆេះពូកក្នុងបន្ទប់បណ្តាលឱ្យក្មេងស្រីម្នាក់ឈ្លក់ផ្សែងថប់ដង្ហើមស្លាប់មិនមាននរណាជួយសង្រ្គោះទាន់ឡើយ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ហេតុការណ៍នេះស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ កាលពីម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ក្មេងស្រីដែលស្លាប់ឈ្មោះ ជ័យ ឡាំងស៊ីម អាយុ១៤ឆ្នាំ ស្នាក់នៅជាមួយឪពុកម្តាយបន្ទប់ជួល ស្រុកកំណើតភូមិសូកៀន ឃុំសូកៀន ស្រុកកងមាស ខេត្តកំពង់ចាម។
មុនកើតហេតុម្តាយឪពុករបស់នាងរងគ្រោះបានចុះមកខាងក្រោមនៃបន្ទប់ជួលធ្វើម្ហូបដើម្បីយកទៅលក់។ចំណែកនាងនៅបន្ទប់ខាងលើតែម្នាក់ឯង។មួយសន្ទុះក្រោយមកគេឃើញផ្សែងហុយ ចេញពីបន្ទប់ជួលបង្កឱ្យមានការភ្ញាក់ផ្អើល។
អ្នកជិតខាងបាននាំគ្នាជួយយកបំពង់បាញ់ពន្លត់ និងទាញទុយោទឹកបាញ់ទប់ស្កាត់កុំឱ្យមានការឆេះរាលដាលដល់បន្ទប់នៅជាប់ៗគ្នា។ពេលដែលភ្លើងរលត់ក៏បានប្រទះឃើញក្មេងស្រីនៅក្នុងបន្ទប់ទឹកមានរបួសរលាកភ្លើងពេញមុខនិងដងខ្លួនសន្លប់បាត់ស្មារតី។អ្នកជិតខាងនាំគ្នាជួយ ហៅរថយន្តពេទ្យដឹកទៅសង្រ្គោះ។តែជាអកុសលគ្រូពេទ្យបានប្រាប់ថា ក្មេងស្រីបានថប់ដង្ហើមស្លាប់បាត់បាត់ទៅហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *