បាត់ដំបង៖រថយន្តថៃបានដឹកអ្នកទេសចរខ្មែរប្រមាណ១៥នាក់ ក្នុងដំណើរកម្សាន្តនៅទឹកដីប្រទេសថៃ ត្រូវរថយន្តនោះបានបុកកុងតឺន័រពីក្រោយ ធ្វើឱ្យស្លាប់៣នាក់និងរបួសជាង១០នាក់។
ប្រភពព័ត៌មានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅតាម ផ្លូវល្បឿនលឿនក្នុងឃុំណងឆាងខក ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ កាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែមេសា។ប្រភពដដែលបានបន្តថា មុនគ្រោះថ្នាក់កើតឡើងមានរថយន្តសាំយ៉ុង ផ្លាកលេខ បាងកក ៣៤-២៤៧៨ ដឹកអ្នកទេសចរខ្មែរបើកក្នុងលឿនលឿន។
ពេលនោះរថយន្តទំនងតៃកុងងោកមួយភាំងក៏ជ្រុលបុករថយន្តសណ្តោងកុងទីន័រ ពាក់ផ្លាកលេខ បាងកក៧៩-១៧៧២ ពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តខូចខ្ទេចផ្នែកខាងមុខហើយគាបតៃកុងស្លាប់ភ្លាម។ចំណែកភ្ញៀវទេសចរខ្មែរបានស្លាប់៣នាក់និង១២នាក់ទៀតរងរបួសធ្ងន់និងស្រាល។
ករណីនេះសមត្ថកិច្ចថៃបានអះអាងថា អាចកើតឡើងពីអ្នកបើកបរងងុយដេក។រីឯមន្ត្រីច្រកទ្វារព្រំដែនកម្ពុជាបាននិយាយថា ភ្ញៀវទេសចរកម្ពុជាចូលទៅដើរលេងកម្សាន្តនៅលើទឹកដីទើបឆ្លងកាត់ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ក្រោយមកបន្តិចក៏ជួបគ្រោះថ្នាក់តែម្តង៕