កណ្តាល៖ក្រុមចោរមួយក្រុមមានគ្នា៦នាក់ដែលតែងតែធ្វើសកម្មភាពជិះម៉ូតូស្ទាក់កាប់ប្លន់យកម៉ូតូតាមផ្លូវពីពលរដ្ឋ នៅស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន៣នាក់ហើយ ខណៈ៣នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ ។សកម្មភាពល្មើសនេះ កើតឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៖៣០នាទី នៅចំណុចលើផ្លូវជាតិលេខ៥១ ភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នេះ ថា ជនរងគ្រោះទី១ ឈ្មោះ រ៉េត សាវុធ ភេទប្រុស អាយុ១៩ឆ្នាំ និង ទី២ឈ្មោះ ឆិន សុឈឿន ភេទប្រុស អាយុ២០ឆ្នាំ ។ចំណែក ជនសង្ស័យទី១ ឈ្មោះ ផុន វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ ទី២ឈ្មោះ សុខហៀង លឹមហៃ ភេទប្រុស អាយុ២២ឆ្នាំ និង ទី៣ឈ្មោះ សាត សាន់ ហៅហ៊ូ ភេទប្រុស អាយុ២២ឆ្នាំ ។
លោកអធិការ បានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និង មិត្តភក្ដិមានគ្នាចំនួន៥នាក់ ជិះម៉ូតូចំនួន២គ្រឿង ចេញពីមើលល្ខោននៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ទៅផ្ទះនៅភូមិអន្លង់ចំណា ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ពេលជិះមកដល់តាមផ្លូវលេខ៥១ ក៏ឃើញម៉ូតូ១គ្រឿង ម៉ាកបីត ជិះឌុបគ្នា៣នាក់ តាមពីក្រោយចាប់ពីមុខវត្តអង្គតាឡឹករហូតដល់ការ៉ាស់សាំងទ្រីភាពក៏វ៉ាទៅមុខបាត់ទៅ ។ លុះដល់ចំណុចកើតហេតុជនសង្ស័យធ្វើសកម្មភាពស្ទាក់កាប់ជនរងគ្រោះ និង យកម៉ូតូជនរងគ្រោះចំនួនពីរគ្រឿងតែម្តងហើយជិះយកទៅទិសខាងជើងបាត់ទៅ ៕