ពោធិ៍សាត់ៈកម្លាំងចម្រុះរដ្ឋបាលស្រុកវាលវែង បានធ្វើឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុខ ចំរើន ដែលល្បីថាជាផ្កាយ២យោធា និងបានប្រើប្រាស់ឈ្មោះស្ថាប័នកំពូលរបស់ជាតិ កាប់រានទន្ទ្រានដីព្រៃអភិរក្សបរិស្ថានទំហំជិត៤០ហិកតានៅចំណុចភូមិដំណាក់កន្សែង ឃុំប្រមោយ នាថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២០នេះ។
ការឃាត់ខ្លួនជនល្មើសខាងលើ ដឹកនាំដោយលោក អ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែង សហការជាមួយមន្ត្រីជំនាញ និងកម្លាំងប្រដាប់អាវុធ ដោយមានការចង្អុលបង្ហាញពីលោក
ហេង សុភាណា អភិបាលស្រុកវាលវែង ឲ្យអនុវត្តតាមបទបញ្ជាសម្តេចតេជោ ពាក់ព័ន្ធនឹងបទល្មើសការកាប់រុករានទន្ទ្រានដីរដ្ឋយកធ្វើកម្មសិទ្ធិ។
លោក អ៊ុង រដ្ឋា បានប្រាប់ឲ្យដឹងថា កន្លងមកអាជ្ញាធរមូលដ្ឋានបានធ្វើការចុះទៅហាមឃាត់មិនឲ្យកាប់ឆ្ការទន្ទ្រានយកដីរដ្ឋនៅចំណុចខាងលើដែរ ប៉ុន្តែលោក សុខ ចម្រើន បានអួតអាងថាខ្លួនជាផ្កាយ២ក្រុមអង្គរក្សសម្តេចតេជោ ហ៊ុន សែន និងហ៊ានប្រមាថកាតទានដល់មន្ត្រីមូលដ្ឋានដោយគ្មានរអែងច្បាប់ឡើយ។
អភិបាលរងរូបនេះបន្ថែមថា ដោយមានបញ្ជាពីឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាខេត្ត ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការយោធា តាមនីតិវធី៕