ព្រៃវែង៖កម្លាំងនគរបាលស្រុកស៊ីធរកណ្តាលបានចាប់បុរសម្នាក់បានយកកាំបិតផ្គាក់កាប់គេឱ្យរងរបួសធ្ងន់ខណៈជនរងគ្រោះប្រាប់កុំឱ្យជេប្រមាថអ្នកភូមិ។
សមត្ថកិច្ចបានឱ្យដឹងថា អំពើហិង្សាដោយចេតនានេះបានកើតឡើងនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ភី ភា ភេទប្រុស អាយុ៣៦ឆ្នាំនៅខេត្តព្រៃវែង។បុរសនេះបានទាញយកកាំបិតផ្គាក់កាប់លើឈ្មោះម៉ៅ ម៉ៃ អាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាបណ្តាលឱ្យចំ២កន្លែងត្រង់កដៃឆ្វេងនិងចំកណ្ដាលចិញ្ចើមរងរបួសធ្ងន់។
មូលហេតុជនរងគ្រោះបានឃាត់ជនសង្ស័យកុំឱ្យជេរប្រមាថអ្នកជិតខាង។ព្រោះកន្លងមកបុរសរូបនេះពេលផឹកស្រាស្រវឹងម្តងៗតែងតែបង្កហិង្សា ជេរប្រមាថ អ្នកជិតខាង ធ្វើឱ្យមានការភ័យខ្លាច។ជនសង្ស័យត្រូវនគរបាលស្រុកស៊ីធរកណ្តាលបំពេញសំណុំរឿងបញ្ជូនតាមនីតិវិធី៕