កំពង់ចាម៖សិស្សនុសិស្សជាបេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស “A” ប្រមាណ១.៧៥៣ នាក់ នៃបេក្ខជនជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប៧២.០១៦នាក់ទូទាំងប្រទេសប្រឡងនាចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ នឹងមានសំណាងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពេលឆាប់ៗ ខាងមុខនេះ។
តាមការប្រកាសឱ្យដឹងជាសាធារណៈនៅសាលាខេត្តនាថ្ងៃទី ២៥ មករាឆ្នាំ២០២២របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាល និងឧបត្ថម្ភសម្ភារ ថវិកាដល់សិស្សានុសិស្សចំនួន ៣២ នាក់ និងអាណាព្យាបាលនៅក្រុងកំពង់ចាម ដែលទទួលបាននិទ្ទេស A ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ កន្លងមកនេះ។
លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថាៈ ចាត់ទុកជាប្រវត្តិសាស្រ្តហើយដែលសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ទទួលបាននិទ្ទេស A នៅទូទាំងខេត្តរហូតដល់ចំនួន១១៨ នាក់។ពិសេសនៅក្រុងកំពង់ចាមបានច្រើនជាងបណ្តាស្រុក គឺបានចំនួន ៣២ នាក់។ ប៉ុន្តែលទ្ធផលទូទាំងប្រទេស ខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខ ៥ ខណៈលេខ១បានទៅលើរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនៅទូទាំងប្រទេសបេក្ខជនដែលប្រឡងជាប់មានចំនួន៧២.០១៦ នាក់ ដោយមានបេក្ខជនដែលដណ្តើមបាននិទ្ទេស A ចំនួន ១.៧៥៣ នាក់។ គឺក្នុងនោះខេត្តកំពង់ចាមបេក្ខជនទទួលបាននិទ្ទេស A ចំនួន ១១៨ នាក់ ស្រីចំនួន ៧៥ នាក់ នៃបេក្ខជនដែលជាប់សរុបចំនួន ៤.៣៣៣ នាក់ ស្រីចំនួន ២.៦១៥ នាក់។
ជាការលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សដែលទទួលបាននិន្ទេសA នាពេលនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានឧបត្ថម្ភ សម្ភារ និងថវិកាមួយចំនួន ជូនដល់សិស្សានុសិស្សដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និន្ទេស A សម្រាប់ឆ្នាំសិក្សា ២០២០ -២០២១ ដោយក្នុងសិស្សម្នាក់ៗ ទទួលបាន-កុំព្យូទ័រ (Latop) ១ គ្រឿង ថវិកា ចំនួន ៤០០.០០០ រៀល និងសម្ភារសិក្សាមួយចំនួនទៀត៕