ព្រះវិហារ៖អភិបាលរងខេត្តព្រះវិហារលោកស្រីប៉ាង រ៉ាវី បានអញ្ជើញចួលរួមក្នុងពិធី យុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទពិភពលោកពណ៌ទឹកក្រូចបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារ។
ពិធីនេះបានរៀបចំដោយ មន្ទីរកិច្ចការនារីខេត្ត គាំទ្រដោយអង្គការ UNFPA ធ្វើឡើងក្នុងភូមិអូរក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ ដោយមានការចួលរួមពី លោកស្រី ឈុន សុធារី ប្រធានមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋមកពីឃុំចំនួន៣ ឃុំទឹកក្រហម ឃុំជាំក្សាន្ត និងឃុំរំដោះស្រែ។
នាឱកាសនោះ លោកស្រី ឈុន សុធារី បានថ្លែងដឹងថា យុទ្ធនាការ១៦ថ្ងៃ គឺជាយុទ្ធនាការ ដែលប្រឆាំងអំពើហិង្សាលើស្ត្រីនិងកុមារ ។យុទ្ធនាការនេះចាប់ផ្ដើមឡើងនៅក្នុង ឆ្នាំ ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម។ នៅក្នុងអំឡុងពេលនៃយុទ្ធនាការនេះ បូពណ៌ ស ត្រូវបានបំពាក់ឱ្យប្រជាពលរដ្ឋ ជាពិសេសបុរស ដែលជាសញ្ញានៃការសន្យារបស់ ពួកគេ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីជាទូទៅ ។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថា ជាទិវាអន្តរជាតិនៃការសាមគ្គីភាពរបស់បុរស ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី ។ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំ យុទ្ធនាការនេះត្រូវបានរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី១០ធ្នូ។
លោកស្រីប៉ាង រ៉ាវី ក៏បានសំណូមពរនិងអំពាវនាវដល់យុវជន អាជ្ញាធរពាក់ព័ន្ធនឹង ប្រជាពលរដ្ឋឲ្យចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈការ ចេះអត់អោនអធ្យាស្រ័យ និងឱ្យតម្លៃគ្នាទៅវិញទៅមក រវាងបុរសនិងស្ត្រី ជាពិសេសនៅ ក្នុងសង្គមគ្រួសារ៕