បានផុស ៨នាទី មុន នៅថ្ងៃចន្ទទី ៦ កញ្ញា២០២១
កោះតៃវ៉ាន់និយាយថា យន្តហោះយោធាចិនទាំងហ្វូងបានហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។
ក្រសួងការពារជាតិនិយាយថា យន្តហោះចំនួន១៩គ្រឿង រួមទាំងយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេរអ៊ែរផងដែរ បានចូលទៅ ក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ)របស់ខ្លួន។ ទីក្រុង តៃ ប៉ិ បានត្អូញត្អែររយៈពេលជាងមួយឆ្នាំមកហើយ អំពីបេសកកម្មម្ដងហើយម្ដងទៀតដោយកងទ័ពអាកាសចិននៅក្បែរកោះនេះ។
យោងតាមក្រសួងការពារជាតិតៃវ៉ាន់, បេសកកម្មថ្ងៃអាទិត្យ របស់កងទ័ពចិន ក៏មានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកធុន H-6 ចំនួន៤គ្រឿង ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរក៏ដូចជាយន្តហោះប្រឆាំងនាវាមុជទឹកផងដែរ។
តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស គឺជាតំបន់មួយនៅខាងក្រៅដែនដីរបស់ប្រទេស និងដែនអាកាសជាតិ ប៉ុន្តែជាកន្លែងដែលយន្តហោះបរទេសនៅតែត្រូវបានកំណត់ អត្តសញ្ញាណត្រួតពិនិត្យនិងគ្រប់គ្រងដើម្បីផលប្រយោជន៍សន្តិសុខជាតិ។
តំបន់នេះត្រូវបានប្រកាសដោយខ្លួនឯង ហើយតាមបច្ចេកទេស នៅតែជាលំហរអាកាសអន្តរជាតិ។
ក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញផែនទី ផ្លូវហោះហើរនៅភាគពាយព្យនៃកោះ Pratas ជិតឆ្នេរសមុទ្រចិន ជាងឆ្នេរសមុទ្រតៃវ៉ាន់។ ក្រសួងបានបន្ថែមថា ប្រព័ន្ធមីស៊ីល ត្រូវបាន ដាក់ពង្រាយហើយយន្តហោះចម្បាំងត្រូវបានបញ្ជូនទៅដើម្បីព្រមានយន្តហោះចិន ។
ទោះបីជាយ៉ាងណាក៏ប្រទេសចិនមិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយនៅឡើយទេ៕
ប្រភពBBC