ព័ត៌មានអន្តជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ចំពោះការប្រឈមមុខនិងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម

 

(វៀងចន្ទន៍,ឡាវ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មី អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះអាទិភាពរបស់ឡាវ ដែលជាប្រធានអាស៊ាន ជាពិសេសការពង្រឹងការតភ្ជាប់ និងភាពធន់ដែល ឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅជាមួយនឹងសេចក្តីប្រាថ្នា និងចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរឹងមាំ ប្រកបដោយវិបុលភាព និងមានភាពសមាហរណកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ។

ឆ្លៀតនាឱកាសនោះ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា ចំពោះការប្រឈមមុខនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ ដែលកាន់តែខ្លាំងឡើងដោយ បញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនប្រកបដោយភាពធន់ទៅនឹងអនាគត។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា អាស៊ានគួរតែរក្សាការប្ដេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ទន្ទឹមនឹងនោះក៏បាន អំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក និ ជាមួយដៃគូអាស៊ាន។

ដើម្បីរក្សាអាស៊ានជាកម្លាំងចលករសម្រាប់វិបុលភាពពិភពលោក សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា អាស៊ានគួរតែប្រើប្រាស់សក្តានុពលដ៏ធំនៃវិស័យដែលកំពុងរីកចម្រើន ដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយ និរន្តរភាព។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជាថ្មីថាអំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រ ខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះវិធីសាស្ត្រជាក់ស្តែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅនេះ។

សម្ដេចធិបតី បានស្វាគមន៍ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីប្រទេសក្រៅតំបន់ ចំពោះការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងបាន រំលឹកសាជាថ្មីអំពីសារសំខាន់នៃការស្វាគមន៍ដៃគូទាំងឡាយណា ដែលចង់បង្កើតទំនាក់ទំនងជាមួយអាស៊ានដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការទុកចិត្តគ្នា និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ជូនថា ប្រមុខដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជំរុញវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈស្ដីពីទិសដៅអនាគត នៃទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន។ ប្រមុខដឹកនាំបានថ្លែងកោតសរសើរចំពោះការងាររបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងភាគីពាក់ព័ន្ធនានា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងទន្ទឹងរង់ចាំការអនុម័តឯកសារសំខាន់ៗទាំងនេះ នៅពេលដែលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៥។ ក្នុងន័យនេះ ប្រមុខដឹកនាំបានអនុម័តសេចក្តីប្រកាសរបស់ប្រមុខដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

ពាក់ព័ន្ធទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន ប្រមុខដឹកនាំបានអះអាងសាជាថ្មីអំពី សារសំខាន់នៃការលើកកម្ពស់ និងពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងបរិបទនិម្មាបនកម្ម តំបន់ដែលកំពុងតែវិវត្ត និងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលមិនច្បាស់លាស់។ ប្រមុខដឹកនាំក៏ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្នោកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់។

នៅក្នុងសម័យប្រជុំចង្អៀត ប្រមុខដឹកនាំបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *