កំពង់ចាម៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌ ជាមួយមន្ត្រីយុត្តិធម៌ នៅសណ្ឋាគារអិលប៊ីអិន អេស៊ាន ខេត្តកំពង់ចាម។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ រដ្ឋបាលខេត្តកំពង់ចាម និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UNOHCHR)) និងមានការចូលរួមពីមន្ត្រីយុត្តិធម៌ ដែលជាចៅក្រម ព្រះរាជអាជ្ញារង ចៅក្រមកម្មសិក្សា ប្រធាន អនុប្រធានការិយាល័យ មកពីខេត្តគោលដៅ ចំនួន៨ រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និស្សិតផ្នែកច្បាប់ អង្គការជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធ សរុប ចំនួន ៦០នាក់ (ស្រី ១៥នាក់)។
គោលបំណងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ជនមានពិការភាព ស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងក្របខណ្ឌគតិយុត្តិជាតិ។ លើកកម្ពស់ការយល់ដឹងអំពីគម្រូសិទ្ធិមនុស្សក្នុងវិស័យពិការភាព និងរបៀបអនុវត្តគម្រូសិទ្ធិមនុស្សនេះ នៅក្នុងកិច្ចការងាររបស់មន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌។ ស្វែងយល់ពីរបៀបនៃការអនុវត្តកាតព្វកិច្ចក្នុងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិដើម្បីផ្តល់នូវយុត្តិធម៌ ពេលមានសំណុំរឿងទាក់ទងនឹងជនមានពិការភាព នៅក្នុងដំណើរការនីតិវិធីតុលាការ។កំណត់បញ្ហា ទទួលស្គាល់ និងកាត់បន្ថយឧបសគ្គនានាដែលជនមានពិការភាពជួបប្រទះ នៅពេលពួកគេអនុវត្តសិទិ្ធរបស់ខ្លួន។ កំណត់ឱកាសទាំងឡាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងតួអង្គក្នុងប្រព័ន្ធយុត្តិធម៌ និងអង្គការតំណាងជនមានពិការភាព ព្រមទាំងដៃគូនានានៅថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាព។
លោកជំទាវ ប៉ាង ដានី អភិបាលរងនិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានធ្វើរបាយការណ៍ស្វាគមន៍ថា រដ្ឋបាលខេត្តកំពង់ចាម បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពបងប្អូនជាជនមានពិការភាព រួមចំណែកអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗជាច្រើនទៀត របស់រាជរដ្ឋាភិបាល។ ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម មានសមាសភាពមកពីមន្ទីរ អង្គភាព និងអង្គការដៃគូ ដែលបាននឹងកំពុងធ្វើការងារវិស័យពិការភាពក្នុងខេត្តសរុបចំនួន ៤៧នាក់ (ស្រី ១២នាក់) ដែលមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយស និងរូបនាងខ្ញុំជាប្រធាន បានរួមគ្នាកសាងផែនការសកម្មភាពប្រចាំឆ្នាំ ច្បាស់លាស់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងមានរបបប្រជុំជាទៀងទាត់ វគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាព និងវេទិកាសាធារណៈ ដោយទទួលបានការគាំទ្រ និងសហការឧបត្ថម្ភដោយ រដ្ឋបាលខេត្ត កម្មវិធី ACCESS1 ACCESS2 និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។