ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងមានអញ្ជើញចូលពីលោក លោកស្រី ស្នងការរង លោកអធិការ អធិការរងនគរបាលក្រុង.ស្រុកទាំង៧ ។
លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប-វិភាគ បានលើកឡើងអំពីលទ្ធផលការងាររបស់បណ្តាអង្គភាព និងបណ្តាស្រុក.ក្រុង ដែលទទួលបានលទ្ធផលល្អ មានសន្តិសុខល្អ និងបានអានរបាយការណ៍ លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្នុងនោះបទល្មើសគ្រប់ប្រភេទមានការថយចុះ ការបង្ក្រាបទៅលើ ក្មេងទំនើង និងបទល្មើសគ្រឿងញៀន និងការប្រើប្រាស់ អាវុធ គ្រឿងផ្ទុះ ខុសច្បាប់ គឺសមត្ថកិច្ចនគរបាល ធ្វើសកម្មភាពចុះប្រតិបត្តិការជាប្រចាំ ដើម្បីរក្សា សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គម ជូនបងប្អូនប្រជាពលរដ្ឋ លើសពីនេះ អាត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត គឺមានការថយចុះ៦០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិចូលរួមរបស់លោកស្នងការរងផែនការងារជំនាញ និងលោកអធិការនគរបាលក្រុង.ស្រុក លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានមានប្រសាសន៍ កោតសរសើរ ដែលបណ្តាអធិការដ្ឋាន និងការិយាល័យជំនាញ ទៅលើការសហការបង្ក្រាបបទល្មើសគ្រឿងញៀន ទន្ទឹមនេះជម្រុញឲ្យកងកម្លាំងទាំងអស់ត្រូវគោរពវិន័យរបស់នគរបាលជាតិ ពង្រឹងការងារបំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អ ត្រូវយកចិត្តទុកដាក់បន្តពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង គ្រឿងញៀន បន្តបង្កើននិងជម្រុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មិនទទួលផលពីបទល្មើសគ្រប់ប្រភេទ ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លើការងារសហការចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅពេលយប់ ពង្រឹងការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីការប្រើប្រាស់ផ្លូវ និងច្បាប់ចរាចរណ៍ផ្លូវគោក ផលប៉ះពាល់នៃគ្រឿងញៀន និងជម្រុញឲ្យពួកគាត់ចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ចអំពី ទីតាំងនឹងជនខិលខូចលួចប្រព្រឹត្តបទល្មើស ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព កាត់បន្ថយបទល្មើស រំលោភសេពសន្ថវៈ អំពើហឹង្សាក្នុងគ្រួសារ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏ប្រគល់នូវសម្ភារៈ បច្ចេកទេស សម្រាប់ប្រើប្រាស់បំពេញតួនាទីភារកិច្ច ជូនផែនការងារនគរបាលអគ្គិភ័យ សេនាធិការ សេដ្ឋកិច្ច ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ ភស្តុភារហិរញ្ញវត្ថុ គ្រឿងញៀន ជួញដូរ និងបានប្រគល់រថយន្តមួយគ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនផែនការងារអត្តសញ្ញាណកម្ម ៕