រាជធានីភ្នំពេញ៖ ដោយមានទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ អញ្ជើញជាអធិបតី ក្នុងពិធីបើក វេទិកាថ្នាក់ជាតិលើកទី៥ ស្តីពី “ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ឆ្នាំ២០២៤” ដែលមានអញ្ជើញចូលរួមពី លោកជំទាវ តំណាងក្រសួងពាណិជ្ជកម្ម ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ឯកឧត្តម អគ្គនាយកដ្ឋានស្តារសម្បទា លោកស្រី អគ្គនាយករង អគ្គនាយកដ្ឋានស្តារសម្បទា ប្រធាននាយកដ្ឋាន លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរ ជនមានពិការភាព សរុបប្រមាណចំនួន ២០០នាក់ រៀបចំដោយនាយកដ្ឋានសុខុមាលភាពជនពិការ។
វេទិកាថ្នាក់ជាតិនេះមានគោលបំណង លើកកម្ពស់ការយល់ដឹងឱកាសការងារនិងមុខរបរ ការអភិវឌ្ឍអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើការផ្លាស់ប្តូរព័ត៌មានរវាងដៃគូអនុវត្តន៍គម្រោងពិសេសបង្កើតនូវរូបមន្តនៃ “ការណែនាំសម្រាប់ការអនុវត្តល្អបំផុត ”។
គូសបញ្ជាក់ផងដែរ ក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់លើវិស័យពិការភាពដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពធំៗដទៃទៀត ដោយបានកំណត់អំពីការពង្រឹង ការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិនិងសុខុ មាលភាពជនមានពិការភាព ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព៕