Uncategorized

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បកស្រាយមន្ទិលរឿងប្រើភ្លើងរថយន្ត

ភ្នំពេញ ៖ដើម្បីស្រាយចម្ងល់និងមន្ទិលសង្ស័យមួយចំនួនរបស់សាធារណជន ជុំវិញការប្រើប្រាស់ភ្លើងរថយន្តនោះត្រូវបាន អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានពន្យល់តាមរយៈវីដេអូប្រមាណជាង១០នាទី កាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៤ថា។ វីដេអូនេះមានអ្នកទស្សនារាប់សែនដង និងមានអ្នកចូលបញ្ចេញមតិចម្រុះយ៉ាងផុលផុល។
ខ្លឹមសារនៃការពន្យល់ ត្រូវបានលោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា៖យោងចេញពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបានគូសបញ្ជាក់ថា ការប្រើប្រាស់ភ្លើងរថយន្ត មានច្រើនប្រភេទ និងមានតួនាទីផ្សេងៗគ្នា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថាហើយលើកយកនូវការប្រើភ្លើងរថយន្តចំនួនពីរមកពន្យល់ ទី១ គឺប្រើប្រាស់ភ្លើងហ្វា៖ទី២ គឺប្រើប្រាស់ភ្លើងកូដ។ការប្រើប្រាស់ភ្លើងហ្វា នៅក្នុងមាត្រា២៧ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ការប្រើភ្លើងហ្វានៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានភ្លើង ឬអគ្គីសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅខាងមុខឱ្យបានឆ្ងាយ មិនតែត្រូវប្រុងប្រយ័ត្នកុំឱ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ ហើយហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណីធ្វើសញ្ញាសុំផ្លូវ ឬវ៉ាជែង ឬសុំបើកផ្លូវដោយប្រើភ្លើងឆ្លាស់គ្នាជាមួយភ្លើងកូដ។ មានន័យថាធ្វើជាសញ្ញាប្រាប់ដល់ទិចរាចរណ៍ម្ខាងទៀតឱ្យមានការប្រុងប្រយ័ត្ន នោះមិនមានកំហុសឆ្គងឡើយ។
ចំពោះការប្រើភ្លើងកូដវិញ អ្នកនាំពាក្យរងបានឱ្យដឹងដែរថា ការប្រើភ្លើងកូដ គឺប្រើនៅពេលយប់ មិនថានៅក្នុងទីប្រជុំជន ឬក្រៅទីប្រជុំជននោះទេ ទោះបីជាមានភ្លើងអគ្គិសនីបំភ្លឺនៅតាមដងផ្លូវក៏ដោយ គឺភ្លើងកូដត្រូវប្រើជាធម្មតា និងនៅពេលយប់ទាំងក្នុង និងក្រៅទីប្រជុំជន ដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតាមដងផ្លូវ ក៏ត្រូវប្រើប្រាស់ភ្លើងកូដធម្មតាដែរ។ចំណែកការប្រើប្រាស់ភ្លើងកូដនៅពេលថ្ងៃ គឺអាចប្រើប្រាស់បាន។ ប៉ុន្តែត្រូវអនុវត្តទៅតាមលក្ខខណ្ឌមួយចំនួនដូចជា ក្នុងករណីពេលដែលអ្នកបើកបរមើលមិនសូវឃើញច្បាស់គ្រប់គ្រាន់ ពេលមេឃកំពុងភ្លៀង ពេលចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូងដែលមិនមានពន្លឺ។ ក្នុងនោះភ្លើងកូដអាចប្រើប្រាស់ ឆ្លាស់គ្នាជាមួយនឹងភ្លើងហ្វាបាន ដោយធ្វើឱ្យមានពន្លឺភ្លឹបភ្លែតៗ ជាសញ្ញាជំនួសស៊ីផ្លេនៅពេលយប់។
ដោយឡែកចំពោះការប្រើប្រាស់ភ្លើងទីតាំង លោកបណ្ឌិតក៏បានបញ្ជាក់ដែរថា ការប្រើប្រាស់ភ្លើងនេះគឺដើម្បីប្រាប់ពីវត្តមានយានយន្ត ឬទំហំយានយន្ត ដល់អ្នកប្រើប្រាស់ផ្លូវ ដែលមើលមកពីមុខ ដើម្បីជាសញ្ញាសម្គាល់មួយបង្ហាញថាជារថយន្តតូចធំ ជាម៉ូតូ ឬរឺម៉ក ឬមធ្យោបាយផ្សេងៗ ងាយស្រួលដល់អ្នកបើកបរធ្វើការសន្និដ្ឋាន។ផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ភ្លើងនៅពេលថ្ងៃ អ្នកនាំពាក្យរងបានសង្កត់ធ្ងន់ថា បើតាមច្បាប់ដែលបានចែង យានយន្តដែលអាចប្រើប្រាស់ភ្លើងពេលថ្ងៃបានគឺចំពោះរថយន្តដែលបំពាក់ភ្លើងតាំងពីដើមទីមក មានន័យថាជារថយន្តចេញពីឃ្លាំង ឬចេញពីរោងចក្រ ដែលមានភ្លើងនោះស្រាប់ ភ្លឺដោយស្វ័យប្រវត្តិ ឬភ្លើងអូតូម៉ាតិចនៅពេលបញ្ឆេះ គឺមិនខុសច្បាប់នោទេ ហើយក៏គ្មានការផាកពិន័យទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *