ក្រុងរុនតាឯកតេជោសែន៖ ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងរុនតាឯកតេជោសែន បានរៀបចំកម្មវិធីដាក់បង្គោលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យបំភ្លឺផ្លូវនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងជម្រាបអង្គពិធីទាំងមូលបានជ្រាបថា សមាគមបានទទួលជំនួយអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវសាធារណៈពីអង្គការស្រាវជ្រាវនិងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង ដើម្បីដាក់បំភ្លឺផ្លូវ នៅក្នុងក្រុងរុនតាឯក។ លោកបណ្ឌិតបានថ្លែងអំណរគុណដល់លោក អ៊ឹង សុភ័ណ អភិបាលនៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន លោក លូ ឈីជឺ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងលោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិនPEACELAND ដែលបានគាំទ្រដល់បេសកកម្មរបស់សមាគមលើវិស័យអេកូឡូស៊ី ហើយលើកទឹកចិត្តដល់សមាគមក្នុងការបំពេញបាននូវតម្រូវការជូនដល់ប្រជាជនក្នុងក្រុងរុនតាឯកតេជោសែន។ លោក អ៊ឹង សុភ័ណ អភិបាលនៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន បានថ្លែងថាអំពូលសូឡាបំភ្លឺផ្លូវទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍក្រុងរុនតាឯក ហើយស្នាក់ការរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលគ្រោងនឹងដំណើរការនៅទីនេះ គឺជាវេទិកាដ៏សំខាន់ក្នុងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ស្នាក់ការនេះជាបណ្ណាល័យសម្រាប់សិស្សនៅពេលយប់ ជាទីតាំងដែលជនពិការបានបំពេញការងារសិប្បកម្មដោយដៃត្បាញស្មុកសម្រាប់បម្រើដល់វិស័យទេសចរណ៍។ លោកអភិបាលក្រុងសង្ឃឹមថាថ្នាក់ដឹកនាំនិងបុគ្គលិករបស់អង្គការស្រាវជ្រាវនិងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង អាចមកដល់ទឹកដីក្រុងរុនតាឯកឃើញដោយផ្ទាល់ពីផលដែលទទួលបានពីអំពូលសូឡាបំភ្លឺផ្លូវទាំងនេះ។ គួរបញ្ជាក់ផងដែរ បន្ថែមពីលើការដាំបង្គោលអំពូលសូឡាបំភ្លឺ លោកអភិបាលក្រុងរុនតាឯកតេជោសែន និងលោក លូ ឈីជឺ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានរួមគ្នាដាំដើមឈើមិត្តភាពនៅក្នុងស្នាក់ការរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនប្រចាំក្រុងរុនតាឯកថែមទៀតផង៕