បាត់ដំបង៖កម្លាំងនគរបាលការពារព្រំដែនគោកប្រចាំស្រុកសំឡូតបានចាប់បុរសម្នាក់ក្នុងចំណោម៩នាក់ដែលរត់គេចខ្លួននិងរឹបអូសវត្ថុតាងមួយចំនួនពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើ។ការចាប់បុរសនេះនៅភូមិស្រែអណ្តូងឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបងកាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០២១។
លោកអនុសេនីយ៍ទោ កែ រ៉ន មេបញ្ជាការកងអនុសេនាធំទី៣បានឱ្យដឹងថា៖កម្លាំងចម្រុះចុះល្បាតតាមព្រំដែនស្រាប់តែឃើញជនមួយក្រុមមានគ្នា១០នាក់កំពុងកាប់បំផ្លាញព្រៃឈើជាសម្បត្តិរដ្ឋ។លោកបានបន្តថា៖ពេលនោះសមត្ថកិច្ចចូលទៅបង្រ្កាបហើយចាប់ខ្លួនបានម្នាក់រីឯ៩នាក់ទៀតរត់គេចបាត់អស់។ជនសង្ស័យឈ្មោះ សែម រដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
រីឯវត្តុតាងរឹបអូសបាន៖ម៉ូតូចំនួន៤គ្រឿងឈើចំនួន៥ដុំ ប្រភេទឈើនាងនួនមុខកាត់២០គុណ២០=៣សន្លឹកប្រវែង២ម៉ែត្រ១០គុណ២០=២សន្លឹក មានប្រវែង២ម៉ែត្រ។បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យរូបនេះត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕