តាកែវ៖មន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១បានសម្រេចដុតកម្ទេចចោលជ្រូកចំនួន៥០ក្បាលនៅក្នុងស្រុកបាទីខេត្តតាកែវ។ក្រោយពីជំនាញបានរកឃើញជ្រូកទាំងនោះត្រូវឈ្មួញលួចនាំចូលពីក្រៅប្រទេសហើយមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។
មន្ត្រីជំនាញបានឱ្យដឹងថា៖ជ្រូកដែលដុតបំផ្លាញចោលនេះមានចំនួន៥០ក្បាលជាជ្រូកដែលក្រុមឈ្មួញនាំចូលពីប្រទេសថៃដោយខុសច្បាប់និងចាប់បានកាលពីសប្តាហ៍មុននៅទីសត្តឃាតមួយកន្លែងនៅក្នុងខណ្ឌច្បារអំពៅនិងភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ។
មន្ត្រីដដែលបានបន្តថា៖ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះសមត្ថកិច្ចជំនាញបានបង្ក្រាប ជ្រូកដែលក្រុមឈ្មួញ លួចនាំចូលពី ក្រៅប្រទេស បានចំនួន ៣១ ករណី។ជាលើកទី៤ហើយដែលមានការដុតកម្ទេចចោលជ្រូកលួចនាំចូល បន្ទាប់ពីរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងតែ ពង្រឹងវិធានការ ទប់ស្កាត់ការនាំចូល ផលិតផលកសិកម្ម ពីបរទេស ដោយបង្កើន ផលិតផល ក្នុងស្រុក ឱ្យបានល្អប្រសើរឡើងវិញ ។ជាការកត់សម្គាល់ ឃើញថា ការចិញ្ចឹមជ្រូកក្នុងស្រុក បានកើនឡើង ១០ ភាគរយបន្ទាប់ពីកាត់បន្ថយ ការនាំចូល។
គួរជម្រាបថា៖ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ ក្នុងប្រទេសចិន ហើយបានរីករាលដាល ដល់ប្រទេសវៀតណាម កាលពីដើមឆ្នាំ២០១៩ និងបានឆ្លងចូលដល់កម្ពុជា ដោយបានធ្វើឱ្យជ្រូក ងាប់ជាង ៤.០០០ ក្បាល និងខាតបង់ គិតជាទឹកប្រាក់ អស់ប្រមាណជា ៨០ ម៉ឺនដុល្លារអាមេរិក៕