ភ្នំពេញ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋានក្រសួងមហាផ្ទៃបានបញ្ជូនជនសង្ស័យ២នាក់ដែលឆក់កាបូបមានជាង២០ម៉ឺនដុល្លារពីជនជាតិចិនទៅតុលាការនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ ស្វាយ រិទ្ធី អាយុ ២៥ឆ្នាំ មុខចាប់ ខ្លួននៅផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង,ឈ្មោះ ជុំ ស៊ីដែន អាយុ៣១ឆ្នាំ ចាប់ខ្លួននៅផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ជាជនដៃដល់និងធ្លាប់ជាប់ពន្ធនាគារ។ចំណែកជនរងគ្រោះឈ្មោះ WONG KIN WAH ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន។
សូមរំលឹកថា៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី ជនរងគ្រោះបានចេញពីធនាគារABA ផ្លូវត្រសក់ផ្អែម ឡើងជិះឡំប្រឺតាក្នុងគោលបំណងទៅធនាគារ ហួយវ័ន នៅផ្លូវព្រះនរោត្តម។ ដោយបានដាក់កាបូបស្ពាយពីមុខខ្លួន ហើយពាក់ ខ្សែកាបូបលើស្មាខាងស្តាំ។
លុះមកដល់ចំណុចមុខផ្សារផេនស៊លផ្លូវលេខ២១៤ សង្កាត់បឹងរាំង ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូចំនួន២ គ្រឿង ម៉ាកហុងដាឃ្លីក គ្មានផ្លាកលេខ និងម៉ូតូម៉ាក និច NEXគ្មានស្លាកលេខបានមកឆក់យកកាបូបបានសម្រេច រួចជនសង្ស័យទាំងពីរក៏បានបើកម៉ូតូគេចចេញពីកន្លែងកើតហេតុតែម្តង ៕