ខេត្តកណ្ដាល៖ ផ្ដើមចេញពីទាស់ពាក្យសម្តីគ្នាច្រើនលើកច្រើនសាររវាងប្តីប្រពន្ធ និងមន្ត្រីនគរបាលស័ក្តិ៥ម្នាក់ដែលជួលបន្ទប់ជាប់គ្នាកន្លងមក។ លុះមកដល់យប់ថ្ងៃទី១៧ខែវិច្ឆិកា២០២៤ ជនរងគ្រោះជាប្តីបានរករឿងជនសង្ស័យជានគរបាលដល់ក្នុងបន្ទប់ដេកជនសង្ស័យ រហូតធ្វើឱ្យជនសង្ស័យទប់កំហឹងមិនបាន ក៏ទាញកាំភ្លើងខ្លីបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៣គ្រាប់ និងបាញ់មួយគ្រាប់ទៀត ត្រូវប្រពន្ធជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង ។ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ(ផ្ទុះអាវុធ) កើតឡើងកាលបីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី នៅម្តុំបន្ទប់ជួលលេខ៣ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សយ សុផានី ភេទប្រុស អាយុ៥៩ឆ្នាំជាមន្ត្រីនគរបាលជាតិ ឋានន្តរសក្តិ វរសេនីយ៍ឯក(សក្តិ៥) ឋានៈប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃស្រុកកំណើតភូមិថ្នល់ចាក់សំរាម ឃុំចាក់អង្រែ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្នស្នាក់បន្ទប់ជួលស្ថិតក្នុងភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះ២នាក់ ១.ឈ្មោះ ស៊ាង តូម៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ អ្នកលក់កង់បី(PassApp) ទីលំនៅ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សីលិច ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន៣គ្រាប់)។ ២.ឈ្មោះ ជា សុភី ភេទស្រី អាយ៥៤ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន១គ្រាប់)។ល់ ជនរងគ្រោះឈ្មោះ ស៊ាង តូម៉ា ត្រូវចំក្រោមឆ្អឹងជំនីខាងស្តាំ,កំភួនដៃខាងធ្វេង ,ដៃខាងស្តាំ និងភ្លៅខាងធ្វេង។ ជនរងគ្រោះឈ្មោះ ជា សុភី ត្រូវចំភ្លៅខាងស្តាំ។ក្រោយកើតហេតុសមត្ថកិច្ចចុះដកហូតវត្ថុតាងមាន÷ អាវុធខ្លីK54 លេខ59000952 ចំនួន១ដើម ,បង់មានគ្រាប់ចំនួន៤គ្រាប់ ,សំបកគ្រាប់ចំនួន៤,ទូរស័ព្ទOppo ពណ៌ខ្មៅចំនួន១គ្រឿង។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា: ជនរងគ្រោះ២នាក់ប្តីប្រពន្ធរួមទាំងចៅ បានជួលបន្ទប់លេខ២ នៅជាប់បន្ទប់ជាមួយជនសង្ស័យដែលជួលបន្ទប់លេខ៣ ហើយតែងតែមានពាក្យសម្ដីមិនត្រូវគ្នា មានរឿងបញ្ហាមាត់កឡូឡាលឺខ្លាំងៗ ជាញឹកញាប់ នៅជិតបន្ទប់ជនសង្ស័យ។ លុះនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ជនសង្ស័យឈ្មោះ សយ សុផានី បានអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូកង់បី(Pass App) របស់ខ្លួនមក ដល់បន្ទប់មានសភាពស្រវឹងទាំង២នាក់ បានមកឈប់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេរ ដោយពាក្យសម្ដីថា ហែងពូកែថ្លង់ អញធ្វើអោយថ្លង់ ក៏បិទទ្វារលឺសូរក្ឌាំងៗ ហើយក៏ជេរទៀត បន្ទាប់មកជនសង្ស័យស្រែកហៅម្ទាស់ផ្ទះជួលអោយជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ជេរ សំឡេងលឺខ្លាំងៗធ្វើអោយជនសង្ស័យប៉ះពាក្យសំដីគ្នា ភ្លាមនោះ ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ធ្វើឱ្យជនសង្ស័យយកកាំភ្លើងចេញមក ក៏បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ ធ្វើឱ្យជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ បានហៅឱ្យគេជួយ។បន្ទាប់មកកម្លាំងនគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី បានចុះមកដល់ក៨ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសាកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។តាមការរៀបរាប់របស់ជនសង្ស័យថា ជនរងគ្រោះមកពីផឹកស៊ីស្រវឹង បានជេរទៅលើខ្លួមិនដោយពុំមានមូលហេតុ ហើយបានរករឿងជនសង្ស័យដល់ក្នុងបន្ទប់ខ្លួនខឹងក៏យកកាំភ្លើងបាញ់តៅលើពួកគេតែម្ដង៕
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕