ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបាន ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងស្នាក់នៅរបស់កីឡាករកីឡាករិនីទូក នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក នេត្រ ភក្ត្រា បានណែនាំដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះ ត្រូវរួមសាមគ្គីភាពគ្នា ត្រូវគោរពឱ្យបាននូវវិន័យសេចក្តីថ្លៃថ្នូរនិងស្ដាប់នូវការណែនាំរបស់គណៈកម្មការ។
លោក រដ្ឋមន្ត្រីប្រធានក្រុមការងារ បានថ្លែងបន្តថា ការចូលរួមប្រណាំងទូករបស់បងប្អូនខេត្តក្រចេះដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្ហាញពីសាមគ្គីភាពជាតិរបស់ខ្មែរក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីបង្ហាញដល់ភ្ញៀវបរទេសបានឃើញនូវទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ប្រទេសកម្ពុជាយើង។ លោកបានបញ្ជាក់ទៀតថា ក្នុងកីឡា ចាញ់ឈ្នះជារឿងធម្មតា អ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នកដែលបានអញ្ជើញមកទស្សនាផ្ទាល់នៅមុខព្រះបរមរាជវាំង និងបងប្អូនប្រជាពលរដ្ឋដែលបានតាមដានការផ្សាយផ្ទាល់ និងបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍។ លោករដ្ឋមន្ត្រីបានស្នើដល់កីឡាករចំណុះទូកទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមអុំទូកឱ្យទទួលបានជោគជ័យនិងសុខសុវត្ថិភាពក្នុងរយៈពេល២ថ្ងៃទៀតនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា ខេត្តក្រចេះមានទូកងចំនួន ២០ មកពីក្រុ្រងស្រុកចំនួន៤(ស្រុកព្រែកប្រសព្វទូកងចំនួន ១១, ស្រុកឆ្លូង ទូកងចំនួន ៤, ស្រុកសំបូរទូកងចំនួន២និងក្រុងក្រចេះចំនួន ២) បានចូលរួមប្រកួត។ក្នុងនោះទូកខ្នាតពិសេសចំនួន៥និងទូកងខ្នាតអន្តរជាតិចំនួន១៥៕