កំពត:រថយន្តសណ្តោងធុនធំបានបើកបុករថយន្តតូចម៉ាកតូយ៉ូតាព្រូសបណ្តាលឱ្យរថយន្តតូចក្រឡាប់មនុស្សក្នុងគ្រួសារមួយរងរបួសធ្ងន់ស្រាលបួននាក់។ឯអ្នកបើកបររថយន្តសណ្តោងបានរត់គេចបាត់។ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣៣ស្ថិតក្នុងភូមិកំពង់កែសឃុំត្រពាំងសង្កែស្រុកទឹកឈូកាលពីវេលាជិតថ្ងៃត្រង់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកទឹកឈូបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើគឺ ១.ឈ្មោះប៉ែន ម៉ាប់ ភេទប្រុសអាយុ២៨ឆ្នាំជាអ្នកបើកបរព្រូសរបួសស្រាល,២.ឈ្មោះកែវមុចភេទស្រីអាយុ២៨ឆ្នាំជាប្រពន្ធរបួសធ្ងន់និងកូនស្រីពីរនាក់ទៀតរបួសស្រាល។គ្រួសារនេះរស់នៅភូមិដំណាក់ចង្អើរសង្កាត់ព្រៃធំក្រុងកែបខេត្តកែប។ដោយឡែកអ្នកបើកបររថយន្តសណ្តោងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពដដែលបានបន្តថាៈមុនគ្រោះថ្នាក់កើតឡើងគឺរថយន្តសណ្តោងធុនធំបើកមកពីទិសខាងកើតរួចរេចង្កូតហើយបុកចំពីមុខពេញទំហឹងបណ្តាលឱ្យរថយន្តព្រូសក្រឡាប់តែម្តង។
សមត្ថកិច្ចបានបន្តថាៈក្នុងស្ថានភាពបែបនោះអ្នកបើកបរថយន្តDumpTrailerបានរត់គេចដោយបន្សល់ទុករថយន្តពាក់ស្លាកលេខកំពត4A0038នៅនឹងកន្លែងកើតហេតុ។លុះអ្នកជិតខាងចូលទៅជួយស្រាប់តែឃើញភាគីខាងរថយន្តព្រូសមានគ្នាបួននាក់រងរបួសធ្ងន់ស្រាល៕សហការី