ព័ត៌មានជាតិ

ពិធីក្រុងពាលី និងសូត្រមន្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តខ្មែរក្រោម ត្រូវបានរៀបចំនៅវិមាន៧មករា

ពិធីក្រុងពាលី និងសូត្រមន្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តខ្មែរក្រោម ត្រូវបានរៀបចំនៅវិមាន៧មករា
ភ្នំពេញ៖ពិធីសាសនារួមមានការក្រុងពាលី និងសូត្រមន្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញខ្មែរក្រោម ប្រទេសវៀតណាម ត្រូវបានរៀបចំកាលពីរសៀលថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូប។
ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់ខ្មែរក្រោមនាពេលនេះ បានប្រព្រឹត្តទៅតាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន៖ ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មវិសេសទេសនាដោយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
អង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏កម្រ ហើយក៏ត្រូវបានចាត់ទុកជាពិធីបុណ្យជាប្រវត្តិសាស្ត្រមួយផងដែរ។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធនាមជាអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រ។ទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។
តាមកម្មវិធីបុណ្យបន្ទាប់ពីការរៀបចំពិធីសាសនាកាលពីរសៀលថ្ងៃរួចរាល់ហើយនោះ នាវេលាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀម ដែលគ្រោងដល់វត្តនៅពេលរសៀល។ លុះព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។
ទីអារាមជាមែកធាងដ៏សំខាន់នៃវប្បធម៌ខ្មែរ នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះមានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ អង្គកឋិនដែលរៀបចំដោយស្ថាប័នសង្ឃ និងស្ថាប័នដឹកនាំជាតិរបស់កម្ពុជាដង្ហែទៅកាន់ខ្មែរក្រោមមិនធ្លាប់មាននោះឡើយ។ ព្រឹត្តិការណ៍នៃអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ បាននាំមកនូវការសាទរ និងរីករាយយ៉ាង

 

 

 

 

 

 

 

ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម។ អង្គកឋិនទាននេះ ក៏បានបង្ហាញឱ្យឃើញច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រសង្ឃក៏ដូចជាព្រះពុទ្ធសាសនានៅខ្មែរក្រោម។
បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញផងដែរ។
សូមបញ្ជាក់ថា កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យបិដក មហាវគ្គកឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់កាលត្រីមាសក្នុងអាវាសវត្តណាមួយនិងជាទានវិសេស មានលក្ខណៈប្លែកជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រងកឋិនទទួលបានសង្ឃលាភ និងអានិសង្ស៥ហើយអ្នកប្រគេនកឋិនចីវរក៏ទទួលបានអានិស្ស៥ផងដែរ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *