ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នេះមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០២០គឺមានអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ជាករណីនាំចូលនិងអត់មានអ្នកជាសះស្បើយខណៈអ្នកកំពុងព្យាបាល១៨នាក់។
មន្ត្រីក្រសួងសុខាភិបាលបានបន្តថា៖អ្នកឆ្លងកូវីដ១៩ថ្មីម្នាក់នេះគឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំងអាយុ៥៥ឆ្នាំស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។បានធ្វើដំណើរមកពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសចិន(តៃវ៉ាន់)មកដល់កម្ពុជានៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២០។ដែលលទ្ធផលធ្វើតេស្តផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺវិជ្ជមានកូវីដ១៩។បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ដលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។
ទោះជាយ៉ាងណាក៏ដោយអ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺនេះមានចំនួន៤៤នាក់ដែលក្នុងចំនួននេះមានស្ត្រីរូបនេះផងដែរ។រីឯអ្នកដំណើរចំនួន៤៣នាក់ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរសុកូវីដ១៩ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន៣៦នាក់និងនៅវិទ្យាល័យបុរី១០០ខ្នងចំនួន៧នាក់។
សូមបញ្ជាក់ថា៖គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នេះនៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន៣៦៣នាក់។ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៣៤៥នាក់និងអ្នកកំពុងសំរាកនៅមន្ទីរពេទ្យចំនួន ១៨នាក់៕សហការី