កំពង់ចាម៖កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានចាប់ជនទំនើង២នាក់ ហើយបញ្ជូនទៅតុលាការនៅថ្ងៃទី៨ខែកុម្ភៈនេះ ពីបទប្រើដាវកាប់ជនរងគ្រោះ ២នាក់ឱ្យរងរបួសធ្ងន់ ម្នាក់ដាច់ត្រឹមប្រអប់ដៃ។ហេតុការណ៍បានកើតឡើងនៅភូមិទី១៥ សង្កាត់/ក្រុង/ខេត្តកំពង់ចាម កាលពីរំលងអាធ្រាត្រចូលថ្ងៃទី៧ខែកុម្ភៈ។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តជាមួយ អាវុធហត្ថក្រុងកំពង់ចាម បានសហការតាមចាប់ក្រុមទំនើងដែលប្រើដាវកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់២នាក់។ ក្នុងនោះម្នាក់បានដាច់ត្រឹមប្រអប់ដៃឆ្វេងធ្លាក់លើដី និងម្នាក់ទៀតរងរបួសស្មា ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យខេត្តសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុក្រុមជនដៃដល់បានរត់គេចខ្លួនបាត់អស់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់បាន២នាក់។ជនសង្ស័យឈ្មោះ រ៉ា វី អាយុ២៤ឆ្នាំជាអ្នកបើករថយន្តដឹកត្រី នៅភូមិតាមៀង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈ្មោះ វ៉ាន់ សារិទ្ធ អាយុ២៤ឆ្នាំជាកម្មកររថយន្តដឹកត្រី នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម។ពេលឃាត់ខ្លួនកម្លាំងអាវុធហត្ថបានដកហូតម៉ូតូ១គ្រឿង និងដាវ១។
ចំណែកជនរងគ្រោះ២នាក់ឈ្មោះ ក្រិត ភារុន អាយុ២៨ឆ្នាំនៅភូមិវាលក្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ធ្វើជាងសំណង់រងរបួសដាច់ត្រឹមប្រអប់ដៃឆ្វេងធ្លាក់ដី និងរយះកែងដៃ។ឈ្មោះ សន គឹមសឿន អាយុ ២០ឆ្នាំនៅភូមិត្រួយចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម រងរបួសត្រង់ស្មា។
មន្ត្រីដដែលបានបន្តថា មុនកើតហេតុភាគីរងគ្រោះ និងភាគីបង្កបានចូលក្លិបកម្សាន្ត ផឹកស៊ីនិងរាំលេង។ក្នុងពេលនោះខាងរងគ្រោះ បានមើលមុខខាងក្រុមទំនើង ដោយមិនមានចេតនាអាក្រក់ទេ។ស្រាប់តែភាគីបង្កក៏កើតជាកំហឹង ហើយឈានដល់ប្រើដាវ កាប់ឱ្យជនរងគ្រោះឱ្យរបួស២នាក់ពេលចេញពីក្លិប ខណៈកំពុងជិះម៉ូតូទៅផ្ទះ៕