កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេសចុះពិនិត្យ ការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីតាមស្តង់ដារទំនើប។ ទីលានចាក់សំរាមថ្មីនេះ មានទីតាំងស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ត្រីសាលាខេត្តកំពង់ចាមបានឱ្យដឹងថា គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះ បាននិងកំពុងដំណើរការលើផ្ទៃដីទំហំ៨,១៣ហិកតា។ ក្នុងនោះទីលានទុកដាក់សំរាមទំហំ១,៣ ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម១ខ្សែប្រវែងជាង២.០០០ម៉ែត្រ។
សាងសង់ផ្លូវបេតុងនៅក្នុងទីលានជាង១.០០០ម៉ែត្រ សាងសង់ច្រកចូលនិងរបងមានអាគារការិយាល័យ និងអគារស្នាក់នៅកម្ពស់២ជាន់ កន្លែងថ្លឹងរថយន្តអាគារសម្រាប់ ញែកសំរាម អាគាររោងជាង អាគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថាមពលអគ្គិសនីនិងទឹក។
កន្លែងលាងសម្អាតរថយន្ត អាគារសម្រាប់ធ្វើជីកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡា ថាមពលអគ្គិសនីព្រះអាទិត្យ។
មន្ត្រីដដែលបានបន្តថា គម្រោងនេះទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម.ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិចខូអិលធីឌី ដោយត្រូវប្រើរយៈពេលសាងសង់ចំនួន១៧ខែ ។គឺចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករាឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥៕