Uncategorized

ដីឡូត៌កសិកម្មជាដីសម្បទានសង្គមកិច្ចប្រគល់ឲ្យពលរដ្ឋ២០៩គ្រួសារ

 

​ព្រះវិហារ​៖​ពលរដ្ឋ​ចំនួន​២០៩​គ្រួសារ​រស់នៅ​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​បាន​ចូលរួម​ចាប់ឆ្នោត​ទទួលយក​ដី​ឡូ​តិ៍ក​សិ​កម្ម​។​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​តាមរយៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​ជា​ជំ​ហ៊ាន​ទី​២​បន្ទាប់ពី​ជំ​ហ៊ាន​ទី​១ បាន​ចាប់ឆ្នោត​រួច​ចំនួន​៩៩​គ្រួសារ​។​

​ពិធី​ចាប់ឆ្នោត​ទទួលយក​ដី​កសិកម្ម​នេះ​បានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​និង​អជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ជាច្រើនរូប​ទៀត​។​

លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែងថា​ដី​ឡូ​តិ៍ក​សិ​កម្ម​ដែល​ប្រគល់ជូន​ប្រជាពលរដ្ឋ​នេះ​គឺ​ផ្តើមចេញពី​អនុក្រឹត្យ​លេខ​០២​អនក្រ​.​បក​ចុះ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៦​ស្តីពី​ការកំណត់​តំបន់​សហគមន៍​ស្ថិតក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព​។​លើ​ផ្ទៃដី​ចំនួន​៥.០០០​ហិកតា​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​យាង​និង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​អភិបាលខេត្ត​បានបញ្ជាក់​ទៀតថា​៖​ខេត្តព្រះវិហារ​ទទួលបាន​អនុក្រឹត្យ​កំណត់​តំបន់​សហគមន៍​ក្នុង​ឆ្នាំ​២០១៦​ក្នុង​អាណត្តិ​អភិបាលខេត្ត​មុនៗ​។​ដោយឡែក​ក្នុង​ឆ្នាំ​២០២០​ក្នុង​អាណត្តិ​របស់លោក​ជា​អភិបាលខេត្ត​បាន​ចាត់តាំង​ក្រុមការងារ​គណៈកម្មាធិកា​របែង​ចែក​និង​ប្រើប្រាស់​ដី​ខេត្ត​រៀបចំ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​(​ដី​កសិកម្ម​)​ជូន​ប្រជាពលរដ្ឋ​ចំនួន​១.០៤៥​គ្រួសារ​ដែល​បានទទួល​ដី​លំនៅស្ថាន​ក្នុងភូមិ​ធម្មជាតិ​រួចហើយ​។​
​លោក​ប្រាក់​សុវណ្ណ​បានឱ្យដឹង​ទៀតថា​ចាប់ពីពេលនេះ​តទៅ​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​នូវ​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី​របស់ខ្លួន ហើយ​បាតុភាព​រំលោភបំពាន​លើដី​ធ្លី ដែល​ធ្លាប់​ជួបប្រទះ​នៅពេល​មុនៗ នឹងត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​។​ទន្ទឹមនេះ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ដី​កសិកម្ម​២​ហិកតា​នេះ​មាន​សិទ្ធ​ប្រើប្រាស់​អាស្រ័យ​ផល​ផ្តាច់​ដោយ​កុំឱ្យ​យក​ដី​នេះ​ទៅប្រើ​ប្រាស់​ក្នុង​បទ​ណាមួយ​ដែល​ច្បាប់​ហាមឃាត់​។​
​ត្រូវ​ប្រើប្រាស់​ដី​នេះ​ដាំ​ដំណាំ​ផ្សេងៗ​ជា​បន្តា​បន្ទាប់​ឱ្យ​គ្រប់​រយៈពេល​៥​ឆ្នាំ​ទើប​អាចមាន​សិទ្ធិ​យក​ដី​នេះ​ទៅ​លក់ដូរ​ជួល​ផ្ទេរ​ឫ​បញ្ចាំ​ធានា​គារ​បាន​។​ជាមួយគ្នានេះ​លោក​ប្រាក់​សុវណ្ណ​ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវអនុវត្ត​តាមច្បាប់​លិខិតបទដ្ឋាន​គតិ​យុទ្ធ​ជា​ធរមាន​ព្រមទាំង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធិភាព​។​

​មាន​មនសិការ​ទទួលខុសត្រូវ​ខ្ពស់​ការពារ​កុំ​ឱ្យមាន​ការចូល​កាន់កា​ប់​ទន្ទ្រាន​ដី​រដ្ឋ​បោះបង្គោល​លើដី​រដ្ឋ​ថ្មីៗ​ត្រូវ​ហាមឃាត់​ជាដាច់ខាត​ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​ធម្មជាតិ​របស់​ប្រទេសជាតិ​ឱ្យមាន​ចីរភាព​ត​ជំនាន់​ទៅ​អនាគត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *