(ភ្នំពេញ)៖ ទីបំផុត! សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep បុកកីឡាករវាយសីជម្រើសជាតិម្នាក់បណ្តាលឲ្យស្លាប់ ដែលកក្រើកតាមបណ្តាញសង្គម និងមានការចាប់អារម្មណ៍ខ្លាំងនោះ បានឈានដល់ដំណោះស្រាយមួយហើយ គឺភាគីក្រុមគ្រួសាររបស់អ្នកបើករថយន្ត បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន៩៥០០០ដុល្លារ។
ដំណោះស្រាយដែលភាគីទាំង២បានទទួលយក ដោយគ្មានការបង្ខិតបង្ខំនេះ បានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងប៉ិនប្រសប់របស់លោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសហការីរបស់លោក។
តាមរយៈសំណងរដ្ឋប្បវេណីនេះ ភាគីក្រុមគ្រួសាររងគ្រោះវិញ ក៏បានយល់ព្រមដកពាក្យបណ្តឹងនៅស្ថាប័នតុលាការ ហើយភាគីទាំង២នាក់ បានឯកភាពគ្នាមិនប្តឹងផ្តល់ ហើយមិនឆ្លើយឆ្លងនៅតាមបណ្តាញសង្គមតទៅទៀត។
យោងតាមកិច្ចព្រមព្រៀងជាសះលើសំណងរដ្ឋប្បវេណីរវាងភាគីទាំង២ ដែលបណ្តាញព័ត៌មានយើង ទទួលបាននៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ភាគីទាំង២ បានព្រមព្រៀងយល់ព្រមប្រគល់ និងទទួលសំណងរដ្ឋប្នវេណី ចំនួន៩៥០០០ដុល្លារ ដោយពុំមានការបង្ខិតបង្ខំ និងមានឆន្ទះបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ។
ជាមួយគ្នានេះ ភាគីទាំង២បានសន្យាជាមួយគ្នាថា បញ្ឈប់ការឆ្លើយឆ្លងតាមបណ្តាញសង្គម ឬធ្វើសកម្មភាពណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររវាងភាគីទាំង២ និងមិនបង្កជាបញ្ហាវិវាទណាមួយដែលនឹងអាចកើតមានឡើងទាក់ទង នឹងសំណុំរឿងនេះបន្តទៀត។
ក្រោយទទួលបានសំណងពីលោក ព្រហ្ម វិចិត្រសុភា និងលោកស្រី សុខ លីណា ដែលជាឪពុកម្តាយជនត្រូវចោទ រួចមក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ភាគីក្រុមគ្រួសារជនរងគ្រោះគឺលោក សៀង ប៊ុនហេង ដែលជាឪពុក និងលោកស្រី គ្រុយ ឈិញលាង ដែលជាប្រពន្ធរបស់ជនរងគ្រោះ ក៏បានដកពាក្យបណ្តឹងនៅស្ថាប័នតុលាការ។
នៅក្នុងលិខិតដកពាក្យបណ្តឹងដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក សៀង ប៊ុនហេង និងលោកស្រី គ្រុយ ឈិញលាង បានបញ្ជាក់ថា «នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយសារតែមានកិច្ចសម្របសម្រួលដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន យើងខ្ញុំ បានព្រមព្រៀង និងឯកភាពសះជាលើសំណងរដ្ឋប្បវេណីជាមួយក្រុមគ្រួសាររបស់ជនត្រូវចោទ ដែលបានបង្ក ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតជនរងគ្រោះឈ្មោះ សៀង គឹមហុង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ។ ដោយសារតែយើងខ្ញុំបានទទួលប្រាក់សំណងរួចរាល់ ហេតុដូចនេះ យើងខ្ញុំស្នើសុំកពាក្យបណ្តឹងបានដាក់នៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌ និងនៅចំពោះមុខចៅក្រមស៊ើបសួរវិញ និងមិនបន្តប្តឹងផ្តល់ភាគីជនត្រូវចោទទៀតនោះទេ»។
សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតមានករណីនេះ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហុង ម៉ារីណិច បានចេញដីកាបង្គាប់ឲ្យជនខ្លួនអ្នកបើកបររថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្ហស្លាប់អ្នកដទៃ និងបទរត់គេចខ្លួនប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ»៕