ព័ត៌មានសន្តិសុខសង្គម

តាមចាប់ខ្មាន់កាំភ្លើង ករណីចូលបាញ់មនុស្ស ដល់ក្នុងផ្ទះយ៉ាងសាហាវ

 

ពោធិ៍សាត់៖ខ្មាន់កាំភ្លើងមានគ្នា២នាក់ ជិះម៉ូតូឌុបគ្នាមកឈប់មុខផ្ទះជនរងគ្រោះ ម្នាក់បានចូលទៅបាញ់មនុស្សក្នុងផ្ទះនោះ បណ្តាលឱ្យរងរបួស៣នាក់។ ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងស្ថិតនៅ ំភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុង/ខេត្តពោធិ៍សាត់ កាលពីម៉ោងប្រមាណ៨យប់ថ្ងៃទី២ ខែកុម្ភៈ។

រហូតព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៤នេះ គេមិនទាន់បានដឹងពីតម្រុយក្រុមជនដៃដល់នៅឡើយទេ ខណៈសមត្ថកិច្ចពាក់ព័ន្ធកំពុងមមាញឹក បើកការស៊ើបអង្កេតស្រាវជ្រាវតាមជំនាញរៀងៗខ្លួន និងស្វែងរកចាប់ខ្មាន់កាំភ្លើង យកមកចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា តាមការពិនិត្យក្នុងកាមេរ៉ាសុវត្តិភាព ឃើញក្រុមជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១០០ អ្នកបើកម៉ូតូពាក់មួកកាតិប។ រីឯជនដៃដល់ពាក់អាវព័ណ៌ស ពាក់មួកសុវត្តិភាព បានមកឈប់មុខផ្ទះជនរងគ្រោះ។ពេលនោះជនដៃដល់ម្នាក់ បានដើរចូលទៅក្នុងផ្ទះហើយបាញ់៦ទៅ៧គ្រាប់ ខណៈក្រុមគ្រួសារកំពុងជួបជុំហូបបាយ បណ្ដាលឱ្យរងរបួស៣នាក់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យទាំងកណ្តាលយប់។

ក្រោយបាញ់ប្រហារខ្មាន់កាំភ្លើងបានរត់ឡើងម៉ូតូ ដែលបក្ខពួកបញ្ជេះរង់ចាំ ហើយគេចខ្លួនបាត់។ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ទិត្យ កុសល អាយុ ៣៤ឆ្នាំ ជាអាជីវករទិញលក់ត្រី រងរបួសធ្ងន់ស្ថិតក្នុងការសង្រ្គោះបន្ទាន់។ ឈ្មោះ ជា វួចហេង អាយុ ៣៣ឆ្នាំជាប្រពន្ធ និងឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងដើម្បីពិនិត្យស្ថានការណ៍ ហើយបើកការស្រាវជ្រាវភ្លាមៗ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *