ព័ត៌មានសន្តិសុខសង្គម

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សុំឱ្យបុគ្គលដែលប្រព្រឹត្តខុសច្បាប់នោះ ត្រូវបញ្ឈប់សកម្មភាព ជិះម៉ូតូនាំមុខរថយន្ត គេលានសង្គ្រោះជាបន្ទាន់

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករាឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យជ្រាបថា សព្វថ្ងៃនេះមានមនុស្សមួយចំនួនតូច បានជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះក្នុងរាជធានីភ្នំពេញ។
សកម្មភាពនេះដែលបង្កឱ្យមានរូបភាពអវិជ្ជមាន នូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។ ចំពោះសកម្មភាពខុសច្បាប់ ដែលមនុស្សមួយចំនួនតូចបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន។
ជាមួយនោះបានតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់ តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋមផ្សេងៗ។ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល រាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ ។
ទង្វើអសកម្មខាងលើ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនប្រជាពលរដ្ឋទាំងអស់ អំពីផលវិបាក អំពើខុសច្បាប់ខាងលើនេះ បានបង្កឱ្យមានគ្រោះថ្នាក់ ចរាចរណ៍ជាយថាហេតុ ។អាចធ្វើឱ្យជនរងគ្រោះកាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះគ្មានវិជ្ជាជីវៈ វេជ្ជសាស្ត្រត្រឹមត្រូវ ។
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សុំឱ្យបុគ្គលដែលប្រព្រឹត្តខុសច្បាប់នោះ ត្រូវបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។ ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយឃាត់ខ្លួនបុគ្គលខាងលើដែលនៅបំពាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *