កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកឱរ៉ាល់ បានឃាត់ខ្លួនកូនប្រុសអកតញ្ញូម្នាក់ តាមបណ្តឹងម្តាយពីរឿងខឹងសុំលុយចំនួន១០០ដុល្លារមិនបាន ក៏វាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ម្តាយទៀត។ ការឃាត់ខ្លួនបុរសខាងលើធ្វើឡើង នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២ ខែមករា។
មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា អំពើហិង្សាក្នុងគ្រួសារបានកើតឡើង បង្កពីកូនអកតញ្ញូម្នាក់ ឈ្មោះគីមស្រ៊ី គីមស្រៀន អាយុ ២៤ឆ្នាំនៅភូមិ ឃុំខាងលើ។ករណីសុំលុយពីម្តាយ ១០០ដុល្លារមិនបាន ក៏គំរាមសម្លាប់និងវាយបំផ្លាញសម្ភារ ទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទី។
ស្ត្រីជាម្តាយឈ្មោះហួន ស៊ីដេត អាយុ៤៥ឆ្នាំ។ សម្ភារខូចខាត កៅអីជ័រចំនួន១០ ពាងទឹក៤ តុដែក១ តុឈើ១ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ក្រោយពេលទទួលបណ្ដឹងពីម្ដាយ កម្លាំងនគរបាលបានចុះទៅ ឃាត់ខ្លួនជនសង្ស័យយក មកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីចាត់ការតាមច្បាប់៕