ភ្នំពេញ៖ជនសង្ស័យម្នាក់បានយកកាំបិតតដៃចាក់មន្ត្រីនគរបាលឱ្យរបួស២នាក់កាលពីរំលងអធ្រាត្រចូលទី២៨ ខែកុម្ភៈនៅម្តុំគល់ស្ពានជ្រោយចង្វារក្នុងខណ្ឌជ្រោយសង្វារ។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនសង្ស័យម្នាក់កំពុងឈរលក់គ្រឿងញៀននៅជិតតារាងបាល់ ជាប់គល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត។កម្លាំងឃើញក៏ចូលទៅចាប់តែជនសង្ស័យបានដកកាំបិតពីចង្កេះចាក់ទៅលើមន្ត្រីបណ្ដាលឱ្យរបួសម្នាក់។កម្លាំងដែលនៅជិតនោះក៏ដកកាំភ្លើងបាញ់ឡើងលើគម្រាមចំនួន២គ្រាប់ជនល្មើសភ័យរត់ចេញពីកន្លែងកើតហេតុតាមមាត់ទន្លេទៅពួនក្នុងបន្ទាប់មួយ ។
កម្លាំងសមត្ថកិច្ចចម្រុះបានឡោមព័ទ្ធកន្លែងកើតហេតុហើយវ៉ៃទម្លុះទ្វារស័ង្កសីដើម្បីចាប់ខ្លួន។ពេលនោះជនសង្ស័យស្ទុះមកចាក់ត្រូវមន្ត្រីអាវុធហត្ថម្នាក់ទៀតបណ្ដាលឱ្យរងរបួស ។ សមត្ថកិច្ចក៏ផ្ទុះអាវុធជាច្រើនគ្រាប់ ទើបចាប់បានជនល្មើសដែលជាអ្នកចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាននោះ។
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបាននាំខ្លួនយកទៅសាកសួរនិងចាត់ការតាមច្បាប់៕