ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម÷អំពើជួញដូរមនុស្សបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ បង្ហាញពីភាពភ័យខ្លាច និងស្អប់ខ្ពើម

(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសសកម្មជាថ្មីរបស់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទេសភាពសម័យទំនើបគួរឲ្យភ័យខ្លាចនិងស្អប់ខ្ពើម ។

ឯកឧត្តមអភិបាលខេត្ត បានលើកដូច្នេះនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ ក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ដែលធ្វើឡើងនៅក្នុងបរិវេណវត្ត ជោតនារាម គរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងឱកាសនៃការជួបជុំដ៏មានអត្ថន័យនេះស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ក្នុងនោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិទាំងឡាយឲ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកាន់តែយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម។

ឯកឧត្តម បានបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទគឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បីសំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដែលមានទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួស។ នេះជាកង្វល់ថ្មី
ទៀតដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្ដើរៗ ឲ្យបានទាន់ពេលវេលា និងសិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការីកដុះដាលនៃបទល្មើស ដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើង ដល់សង្គម និងមនុស្សគ្រប់វ័យ។

ការធ្វើទេសន្តរប្រវេសន៍ ក៏នៅតែជាប្រធានបទដ៏សំខាន់ ដែលត្រូវថ្លឹងថ្លែង អំពីផលចំណេញ និងផលប៉ះពាល់ ដែលគប្បីធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។ ជាមួយគ្នានេះខ្ញុំសូមថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃមន្ទីរអង្គភាព ក្រុង ស្រុក អង្គការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តពុះពារគ្រប់ឧបសគ្គ ដើម្បីធ្វើឲ្យសម្រេចកិច្ចការជាច្រើន គួរជាទីមោទនៈ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *