ព្រះសីហនុ៖កម្លាំងនគរបាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកាបានចេញល្បាតក្នុងមូលដ្ឋាន ដោយចាប់ជនសង្ស័យចំនួន៤នាក់ពីបទលួចម៉ូតូ។ក្រោយមកក៏រកឃើញកន្លែងបញ្ចាំចំនួន២ និងដកហូតម៉ូតូ៤៨គ្រឿង ដែលម្ចាស់ទីតាំងជាជនជាតិចិន។
លោក តី វិសាល អធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា ក្រោយពីមានបណ្តឹងករណីលួចម៉ូតូ កម្លាំងជំនាញចេញល្បាតបានជួបជនសង្ស័យម្នាក់ក៏ឃាត់ខ្លួនយកសាកសួ។ ជនសង្ស័យបានសារភាពថា ម៉ូតូនេះខ្លួនបានលួចក្នុងសង្កាត់លេខ៤ ហើយបន្តចាប់ខ្លួនបក្ខពួកចំនួន៣នាក់ទៀត។
ក្រោយពីមានពន្លឺនៃអំពើចោររកម្ម សមត្ថកិច្ចបន្តស្រាវជ្រាវទៅដល់កន្លែងបញ្ចាំចំនួន២ ដែលមានជនជាតិចិនជាម្ចាស់ទីតាំងនិងបានឃាត់ខ្លួន២នាក់ ហើយបានដកហូតម៉ូតូចំនួន៤៨គ្រឿង។មកដល់ពេលនេះ ម៉ូតូដែលមានបណ្តឹងចំនួន៩គ្រឿង។បន្ទាប់មកលោកអធិការនគរបាលក៏បានសំណូមពរឱ្យប្រជាពលរដ្ឋដែលមិនបានដាក់ពាក្យបណ្តឹង និងអ្នកដែលយកមកបញ្ចាំខ្លួនឯង សូមរួសរាន់មកពិនិត្យម៉ូតូជាបន្ទាន់។
ក្នុងគ្រានោះដែរលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរការបង្ក្រាបអំពើលួច និងទទួលផលចោរកម្មនៅម្តុំបន្ទប់ជួលសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងជនជាតិចិន២នាក់ ហើយបានដកហូតម៉ូតូចំនួន៤៨គ្រឿង។បន្ទាប់មកអភិបាលខេត្តក៏បានឧបត្ថមថវិកាចំនួន១០លានរៀលដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុជាការលើកទឹកចិត្ត៕