ខេត្តបាត់ដំបង ៖ ក្រុមអ្នកប្រព្រឹត្តល្បែងស៊ីសងតាម«អនឡាញ»ចំនួន១២នាក់ ក្នុងនោះ មានស្ត្រីចំនួនពីរនាក់ផង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី០៥ វិច្ឆិកា នេះ ក្រោយពីបញ្ចប់ការសាកសួរ នៅការិយល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត។
របាយការណ៍ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាទឲ្យដឹងថា ក្រុមអ្នកលេងល្បែងតាមអនឡាញទាំង១២នាក់នោះ ១-ឈ្មោះស័ក្ត សុធីសុធី ភេទប្រុស អាយុ ២៧ ឆ្នាំ ២-ឈ្មោះ ហៀង ឧត្តម ភេទប្រុស អាយុ២៧ ឆ្នាំ ៣-ឈ្មោះសុខ សាយ័ន្ត ហៅ កូនមាន់ ភេទស្រី អាយុ ២២ឆ្នាំ ៤- ទឹម ស៊ីបូរ៉ា ហៅរ័ត្ន ភេទប្រុស អាយុ ៣២ ឆ្នាំ ៥-ឈ្មោះ ប៉ែន ផានិត ហៅដួង ភេទប្រុស អាយុ ២៩ ឆ្នាំ ៦- កែវ ប្រណិត ភេទប្រុស អាយុ ៣៥ ឆ្នាំ ៧- ឈ្មោះ អ៊ឹម សម្បត្តិ ហៅម៉ាប់ ភេទប្រុសអាយុ ២២ឆ្នាំ ៨- ឈ្មោះ ហេង សុវឌ្ឍនា ហៅចិន ភេទប្រុស អាយុ ២៧ ឆ្នាំ ៩- ឈ្មោះ តាំង សុភាព ភេទប្រុស អាយុ ៣៣ ឆ្នាំ ១០-ឈ្មោះ ផល ផាន់ណា ភេទប្រុសអាយុ ២២ ឆ្នាំ ១១- ឈ្មោះ ម៉ាន់ សុម៉ាលី ភេទស្រី អាយុ ៤៣ ឆ្នាំ និង ១២ ឈ្មោះ ថង ឆៃយ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ។
បើតាមរបាយការណ៍ដដែល ក្នុងចំណោមអ្នកប្រព្រឹត្តល្បែងខុសច្បាប់ទាំង ១២ នាក់នេះ មានបីនាក់ជាអ្នកគ្រប់គ្រងទីតាំងល្បែង ហើយក៏មានចំនួន ១១ នាក់ នៅក្នុងចំណោមនេះ ត្រូវបានមន្ត្រីជំនាញធ្វើតេសរកឃើញថា “មានសាធាតុគ្រឿងញៀន”។បានន័យថា ក្រុមនេះមិនត្រឹមតែមាននិងល្បែងស៊ីសងល្មើសច្បាប់ប៉ុណ្ណោះទេ ពួកគេថែមទាំងប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងទីតាំងល្បែងទៀតផង។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ឈឿង គីមសុង ដែលដឹកនាំកិច្ចប្រតិបត្តិការនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ សាត គឹមសាន និងតំណាងអវិការអមសាលាដំបូងខេត្តបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបល្បែង “អនឡាញ” នេះ ធ្វើឡើងទៅលើទីតាំងចំនួន ៣ផ្សេងៗគ្នា ក្នុងពេលតែមួយ។ លោកថាទីតាំងទី១ នៅចំណុចផ្ទះជួល ជ្រកក្រោមស្លាកប្ដូរប្រាក់ និងផ្ទេរប្រាក់យីហោ “ខេ អេហ្វ ប៊ី “ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ទីតាំងទី ២ – នៅភូមិកាប់គោថ្មី សង្កាត់អូចា និងទីតាំងទី ៣- ភូមិវត្តលៀប សង្កាត់ចំការសំរោង។
សូមជម្រាបថា ល្បែងស៊ីសងគ្រប់ប្រភេទ ដែលរីកស្ទុះស្គាយពាសពេញក្រុងបាត់ដំបង ច្រើនឆ្នាំកន្លងមកនេះ ត្រូវបានអាជ្ញាធរខេត្ត ទទួលបទបញ្ជាពីរាជរដ្ឋាភិបាលឲ្យបិទទាំងស្រុង កាលពីជាងពីរខែកន្លងទៅនេះ។ ប៉ុន្តែការប្រមូលផ្ដុំប្រព្រឹត្តលួចលាក់របស់ក្រុមអ្នកមានល្បែងស៊ីសង នៅតែបន្តកើតមានមិនឈប់រហូតមកដល់ពេលនេះ ។ ពិសេសល្បែង”ឆ្នោតនិងល្បែងអ៊ីនធឺណិត”នេះតែម្ដង។ ពួកគេបានព្យាយាមចល័តទីតាំងបំភាន់ភ្នែកសមត្ថកិច្ច ដែលធ្វើឲ្យកម្លាំងសមត្ថកិច្ចជួបការលំបាកក្នុងការតាមប្រមាញ់។
លោក ឈឿន គីមសុង បានប្រាប់ថា អ្នកលេងល្បែងស៊ីសងខុសច្បាប់មិនច្រើនទេ។ប៉ុន្តែពួកគេនៅតែបន្តបង្កើតទីតាំងល្បែងលួចលាក់ ក្នុងរូបភាពចល័តគ្រប់ទីកន្លែង បើទោះជាច្បាប់បានរិតបន្តឹងយ៉ាងណាក្តី ដូចជាទីតាំងល្បែងអនឡាញទាំងបីកន្លែងខាងលើនេះជាដើម។លោកបានបញ្ជាក់ថា កម្លាំងជំនាញរបស់លោក បានធ្វើការស៊ើបអង្កេតយ៉ាងលំបាកបំផុត ក្រោមការបញ្ជាផ្ទាល់ពី លោកស្នងការខេត្ត និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងការតាមបង្ក្រាបទីតាំងល្បែង”អនឡាញ”ទាំងបីកន្លែងនេះ។
ពួកអ្នកលេងល្បែងនេះ បានប្រើប្រាស់គ្រប់រូបភាព តែដោយសារកម្លាំងជំនាញតាមដានយ៉ាងស្អិតរមួត ទើបឈានដល់ការបង្ក្រាបព្រមៗគ្នាក្នុងពេលតែមួយ។លោក ឈឿន គឹមសុង បានបញ្ជាក់ដែរថា បើតាមការពិនិត្យលើទីតាំង និងការសួរនាំជនដែលពាក់ព័ន្ធ ទីតាំងល្បែង”អនឡាញ”ទាំងនេះ មិនត្រឹមតែជាកន្លែងប្រព្រឹត្តល្បែងស៊ីសងប៉ុណ្ណោះទេ អាចជាទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសគ្រឿងញៀនទៀតផង។
លោកបានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ១២ នាក់ដែលត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ គឺមានមនុស្ស ១១ នាក់ ត្រូវមន្ត្រីជំនាញធ្វើតេស្តទឹកនោមរកឃើញថា មានសារធាតុញៀនក្នុងឈាម។យ៉ាងណាក្តី នៅព្រឹកថ្ងៃទី ០៥ វិច្ឆិកានេះ លោកស្នងការបានបញ្ជាឲ្យកម្លាំងជំនាញ បញ្ជូនពួកគេ នឹងវត្ថុតាងនានា ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ៕