កែប៖ជនសង្ស័យបានប្រើចបជីកវាយបុរសម្នាក់ឱ្យស្លាប់ ករណីមានជម្លោះពេលផឹកស៊ីហើយរត់គេចបាត់ ត្រូវកម្លាំងអាវុធហត្ថស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួន និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៣ ខែតុលា។ ករណីឃាតកម្មនេះបានកើតទ្បើងនៅម្តុំចម្ការស្វាយ ភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣កន្លងទៅ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានដំណឹងថា មានអំពើឃាតកម្មភ្លាម កម្លាំងអាវុធហត្ថ ស្រុកដំណាក់ចង្អើរបានបើកការស្រាវជ្រាវ រហូតចាប់ជនសង្ស័យឈ្មោះ វុធ ម៉ៅ អាយុ២៨ឆ្នាំជាកម្មករចម្ការម្រេច ពាក់ព័ន្ធករណីឃាតកម្ម។
ប្រភពដដែលបានបន្តថា មុនកើតហេតុជនសង្ស័យ បានប្រើចបជីកវាយបុរសឈ្មោះ ឃន នេន អាយុ៣៧ឆ្នាំជាកម្មករចម្ការម្រេចដូចគ្នា ចំក្បាល២កន្លែងបណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាម ហើយក៏បានរត់គេចខ្លួន។ មូលហេតុជនសង្ស័យខឹងជនរងគ្រោះវាយខ្លួន២ដៃចំមុខពេលផឹកស៊ី។
បន្ទាប់ពីកើតហេតុមន្ត្រីផ្នែកជំនាញ និងគ្រូពេទ្យបានចុះពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកជនសង្ស័យសមត្ថកិច្ចតាមចាប់បាន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕