Uncategorized

ឃុំខ្លួនអ្នកកាសែតម្នាក់ពាក់ព័ន្ធករណីដឹកឈើខុសច្បាប់

 

​ស្ទឹងត្រែង​៖​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការខេត្ត​ស្ទឹងត្រែង​បានសម្រេច​ឃុំខ្លួន​បុរស​អ្នកកាសែត​ម្នាក់​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​
គួររំលឹកថា​បុរស​កាន់​កាត​កាសែត​ម្នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ក្នុងពេល​ចុះបង្ក្រាប​រថយន្ត​កាមរី​ឆ្លាម​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​នៅ​ម៉ោងជាង​២​រសៀល​ថ្ងៃទី​១២​វិច្ឆិកា​ឆ្នាំ​២០២០​។​រថយន្ត​កាមរី​ឆ្លាម​បាន​ដឹកឈើ​ប្រណីត​និង​ប្រភេទ​ឈើ​កម្រ​ក្រញូង​ពី​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ក្នុង​បំណង​យក​លក់​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧​។​

​សមត្ថកិច្ច​បាន​ដេញ​ស្ទាក់​តាំងពី​ចំណុច​ដុង​ក្រឡ​រហូតដល់​ត្រង់ចំណុច​មុខ​វត្ត​អូរ​ព្រះ​ស្ថិតក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ​ទើប​ចាប់បាន​។​នៅក្នុងពេល​ចុះបង្ក្រាប​ឈើ​នោះ​បុរស​ម្នាក់​បើករថយន្ត​ដឹកឈើ​បើក​ប៉ះ​រថយន្ត​សមត្ថកិច្ច​អស់​៣​គ្រឿង​។​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​និង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាបបាន រថយន្ត​កាមរី​ឆ្លាម ព័ណ៌​ស្លែ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 2A-0225 ។
អ្នកបើកបរ​រថយន្ត​ដឹក​ឈឺ​ឈ្មោះ​តាន​សុភ័ក្ត្រ​ជា​ជំនួយការ​និពន្ធ​នាយក​របស់​អង្គភាព​សារព័ត៌មាន​មួយ​ក្នុងស្រុក​ដែល​ឈរជើង​យក​ព័ត៌មាន​នៅក្នុង​ខេត្តក្រចេះ​។​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​រួមជាមួយ​រថយន្ត​ដឹកឈើ​ក្រញូង ត្រូវបាន​បញ្ជូន​មកកាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ។​

ក្រោយពី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​កសាង​សំណុំរឿង​ទៅឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដល់ដៃ​តុលាការ​មក​។​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បានសម្រេច​ឃុំខ្លួន​បុរស​កាន់​កាត​សារព័ត៌មាន​ពីបទ​ប្រមូល​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​មាន​ដោយ​កម្រ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ព្រៃឈើ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *