ព័ត៌មានសន្តិសុខសង្គម

ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រួតពិនិត្យជាតិផ្ទុះ ទប់ស្កាត់ក្មេងទំនើងក្នុងសាលា និងចុះត្រួតពិនិត្យតាមក្លឹបកំសាន្តទាំងអស់ ដើម្បីបង្ក្រាបបទល្មើស ជាពិសេសគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគណៈកម្មការមួយ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួម និងក្លឹបកំសាន្តទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខអោយបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបង្កើតគណៈកម្មការចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួម និងក្លឹបកំសាន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ ឲ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទប់ស្កាត់ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់។

ឯកឧត្តម បញ្ជាក់ថា “គណៈកម្មការនេះ ត្រូវតែចេញដំណើរជាបន្ទាន់ ហើយការចុះត្រួតពិនិត្យនោះ ដាច់ខាតត្រូវធ្វើកំណត់ហេតុ និងចុះហត្ថលេខា ពីម្ចាស់ទីតាំង ដែលមានភាគហ៊ុនធំជាងគេ មិនអនុញ្ញាតឲ្យមេការគ្រប់គ្រង មកទទួលខុសត្រូវ ចុះហត្ថលេខាជំនួសនោះទេ។ ការងារនេះ ត្រូវតែក្តាប់ឲ្យបាន បើយើងក្តាប់ស្ថិតិនេះមិនបាន តើយើងធ្វើអីកើត”។

ឯកឧត្តម បន្តថា “ចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះជារឿងសំខាន់ ដែលយើងត្រូវពង្រឹង និងគ្រប់គ្រងអោយបាន ដើម្បីកុំឲ្យក្រុមសង្គមងងឹតធ្វើសកម្មភាពបាន។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវតែគ្រប់គ្រងមនុស្ស ចេញ-ចូលរាជធានីភ្នំពេញឲ្យបាន។ ការរឹតបណ្តឹងខ្លាំង វាមិនប៉ះពាល់ដល់វិស័យទេសចរណ៍ទេ បើរាជធានីភ្នំពេញយើងមានសន្តិសុខល្អប្រសើរ នោះអ្នកទេសចរបរទេស គេនឹងមកលេងរាជធានីភ្នំពេញរបស់យើង កាន់តែច្រើនហើយ។ ការរឹតបណ្តឹងខាងលើនេះ ត្រូវអនុវត្តចាប់ពីពេលនេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ បន្តដល់បុណ្យអ៊ុំទូកនិងបន្តរហូតទៅ”៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *