ព័ត៌មានសន្តិសុខសង្គម

ប្តីប្រពន្ធគ្រួសារមួយ បានសម្រេចចិត្តលែងលះក៏ពុះផ្ទះចែកគ្នា នៅខេត្តកំពង់ធំ

កំពង់ធំ៖ប្តីប្រពន្ធក្នុងគ្រួសារមួយបានសម្រេចលែងលះគ្នាដោយស្ម័គ្រចិត្តព្រមរៀងៗខ្លួន និងចែកទ្រព្យសម្បត្តិផ្សេងៗរួចរាល់អស់។ប៉ុន្តែចំពោះផ្ទះក៏ពុះជា២ដើម្បីឱ្យស្មើរភាពដោយបន្សល់តែទុក្ខលំបាកដល់កូនប្រុសស្រីទាំង២នាក់។ ករណីដ៏កម្រនេះបានកើតឡើងនៅជិតផ្សារសំអាងរីករាយ ស្ថិតក្នុងភូមិអូរកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣។

លោកគឿន មេឃុំបឹងល្វាបានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហាតាមទូរសព្ទថា ប្តីប្រពន្ធដែលលែងលះគ្នានេះឈ្មោះ ចេវ ចិន្តា អាយុ៤២ឆ្នាំ។ប្រពន្ធឈ្មោះ ប៊ុន សុវែន អាយុ៣៨ឆ្នាំមានកូនក្នុងបន្ទុក២នាក់ គឺស្រីច្បងអាយុ១៧ឆ្នាំនិងកូនប្រុសពៅអាយុ១៣ឆ្នាំ។

លោកមេឃុំបានបន្តថា ចំពោះរឿងរ៉ាវលែងលះគ្នានេះលោកបានអប់រំ ពន្យល់ណែនាំនិងបានសម្របសម្រួលចំនួន២-៣លើករួចមកហើយ ដោយបានប្រាប់ថា “បើយើងលែងលះគ្នាអាណិតដល់កូនៗទាំង២នាក់ដែលស្ថិតនៅវ័យសិក្សា ព្រោះវាប៉ះពាល់ដល់អារម្មណ៍កូនៗយ៉ាងខ្លាំងបើឪពុកម្តាយបែកបាក់គ្នា”។

ករណីនេះទោះអាជ្ញាធរឃុំពន្យល់យ៉ាងណា ក៏ប្តីប្រពន្ធនេះនៅតែសម្រេចលែងលះគ្នាដដែល។ក្រោយមកក៏ចែកទ្រព្យសម្បតិ្តគ្នា ហើយឈានពុះផ្ទះចែកគ្នាទៀតដោយមន្សល់ទុក្ខសោកការលំបាកដល់កូនប្រុសស្រីទាំង២ឱ្យជួបវាសនាមិនល្អនាពេលអនាគត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *