ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកដីបុកបង្កាន់ដៃស្ពាន ក្រឡាប់ប៉ះម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់២នាក់

 

ភ្នំពេញ៖រថយន្តដឹកដីបានបើកបុកបង្កាន់ដៃស្ពាន រួចក្រឡាប់ប៉ះម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់២នាក់។ហេតុការណ៍នេះបានកើតឡើងនៅលើស្ពាន៧មករា តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែសីហា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តដឹកដីផ្លាកលេខចង្កូតស្តាំKDL-1600 បើកតាមផ្លូវជាតិលេខ៣ ពីកើតទៅលិចក្នុងល្បឿនលឿន ។មកដល់កន្លែងខាងលើស្រាប់តែជ្រុលបុកបង្កាន់ដៃស្ពាន៧មករាពេញទំហឹង បណ្តាលឱ្យបង្កាន់ដៃស្ពានបាក់បែកផ្នែកខ្លះ។ ចំណែករថយន្តបង្កបានក្រឡាប់ប៉ះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1CS-4329 ធ្វើឱ្យបុរស២នាក់រងរបួសធ្ងន់ ។

ភ្លាមនោះតៃកុងបានលូនចេញពីក្នុងរថយន្តមានរបួសផងត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ។បន្ទាប់មកសមត្ថកិច្ចចរាចរណ៍បានចុះពិនិត្យហើយយកម៉ូតូនិងរថយន្តបង្កទៅទុកនៅផ្នែកនគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *