ព័ត៌មានសន្តិសុខសង្គម

បញ្ជូនសន្តិសុខម្នាក់ សង្ស័យទម្លុះទម្លាយទូកដែកយក លុយរាប់ម៉ឺនដុល្លារទៅតុលាការ

តាកែវ៖ក្រោយមានចោរលួចគាស់ទ្វារបន្ទប់រោងចក្រ និងទម្លុះទម្លាយទូដែកចំនួន៥ រួចលួចយកលុយអស់រាប់ម៉ឺនដុល្លារនោះមក សមត្ថកិច្ចបានស្រាវជ្រាវនិងចាប់សន្តិសុខម្នាក់ចំណោម៤នាក់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ ខែឧសភា ជនសង្ស័យមានគ្នាចំនួន៤នាក់បានពាក់ម៉ាស់និងពាក់ស្រោមដៃ ចូលទៅគាស់ទម្លុះទម្លាយទ្វារកញ្ចក់បន្ទប់ទី៣ ផ្នែកគណនេយ្យ។ក្រុមចោរបានគាស់ទូដែកចំនួន៥ទៀត យកលុយអស់រាប់ម៉ឺនដុល្លារ ក្នុងរោងចក្រ“ប្រាយផាសស៊ីងឯក”ស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកវរសេនីយ៍ឯក ឌិក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឱ្យដឹងថា ក្រុមចោរទាំងនោះគាស់ទូដែកចំនួន៥ ដោយមានទូធំ៤និងទូតូច១។ចំពោះទ្រព្យសម្បត្តិដែលត្រូវក្រុមចោរយកបានមាន-ប្រាក់ដុល្លារចំនួន៣៥.៣១០ដុល្លារ-ប្រាក់រៀលចំនួន៤៨លាន៦៩ម៉ឺនរៀល និងគាស់កម្ទេចទូដែកខូចខាតស្ទើរទាំងស្រុងអស់ចំនួន៥ទូ។បន្ទាប់ធ្វើសកម្មភាពរួច ក្រុមចោរបាននាំគ្នារត់គេចខ្លួនបាត់អស់។
ក្រោយពីទទួលបណ្ដឹងពីឈ្មោះ វ៉ាត ពុទ្ធថា អាយុ៤២ឆ្នាំដែលជាតំណាងឱ្យម្ចាស់រោងចក្រភ្លាម សមត្ថកិច្ចក៏បានចុះស្រាវជ្រាវបន្ទាន់។នៅថ្ងៃទី១៩ ខែឧសភា ជាលទ្ធផលសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដុំ ប្រុស អាយុ២៤ឆ្នាំនៅភូមិដកវ៉ាន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវជាសន្តិសុខរោងចក្រ។ចំណែក៣នាក់ទៀតបានរត់គេចខ្លួនដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *