កណ្តាល៖សមត្ថកិច្ចកំពុងតាមចាប់ស្រ្តីម្នាក់បើករថយន្តចូលចតហើយបានកិនក្មេងប្រុសតូចអាយុ៣ឆ្នាំឱ្យស្លាប់រួចបើករថយន្តនោះរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ឯកព្រំសំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១ ខែវិច្ឆកា។
ក្មេងប្រុសត្រូវរថយន្តកិនបែកក្បាលស្លាប់នោះឈ្មោះនៅណាលី អាយុ៣ឆ្នាំនៅភូមិ-ឃុំខាងលើ។ចំណែកឯស្ត្រីបង្ក ឈ្មោះឆាងរក្សា អាយុ២៣ឆ្នាំជាអាជីវករលក់ដូរនៅផ្សារកៀនស្វាយផ្លាហ្សាក្នុងឃុំភូមិធំ ស្រុកកៀនស្វាយកំពុងរត់គេចខ្លួន។
មុនកើតហេតុក្មេងរងគ្រោះបានជិះកង់លេងឌុបគ្នាជាមួយក្មេងម្នាក់ទៀតឈ្មោះតូចសុភត្រា អាយុ៤ឆ្នាំ។ពេលនោះស្រ្តីឈ្មោះឆាង រក្សាបានបើករថយន្តម៉ាកតូយូតាព្រូសផ្លាកលេខ ភ្នំពេញ 2BL .8563 ចូលមកក្នុងបរិវេណឃ្លាំងដើម្បីចតរថយន្ត។ឃើញដូច្នេះក្មេងប្រុសដែលជាអ្នកឌុបប្រឹងធាក់កង់ឱ្យលឿនស្រាប់តែក្មេងប្រុសដែលអង្គុយក្រោយបានធ្លាក់ពីលើកង់ ក៏ត្រូវរថយន្តកិនស្លាប់តែម្តង។ក្រោយកើតហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ស្ត្រីបើករថយន្តបង្កឱ្យក្មេងស្លាប់យកមកទទួលខុសត្រូវក្នុងករណីនេះ៕