ព័ត៌មានសន្តិសុខសង្គម

កំពុងតាមចាប់គ្រូពេទ្យឯកជនម្នាក់ ករណីចាក់ថ្នាំក្មេងស្រីតូចឲ្យស្លាប់

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំង កំពុងតាមរកចាប់ខ្លួនគ្រូពេទ្យឯកជនម្នាក់ដែលបានរត់គេចខ្លួន បន្ទាប់ពីចាក់ថ្នាំក្មេងស្រីតូចម្នាក់បណ្តាលឱ្យស្លាប់។ហេតុការណ៍នេះបានកើតឡើងស្ថិតក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកយឹម សុផល អធិការរងនគរបាលស្រុករលាប្អៀរ បានឱ្យអ្នកសារព័ត៌មានដឹងកាលពីរសៀលថ្ងៃទី២៤ ខែកក្កដាថា ករណីនេះបានកើតឡើងតាំងពីល្ងាចថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៣មកម៉្លេះ។តែខាងឪពុកម្ដាយទើបរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលនាព្រឹកថ្ងៃទី២៤ ខែកក្កដានេះ។
លោកអធិការរងបានឱ្យដឹងទៀតថា ក្មេងស្រីដែលស្លាប់ឈ្មោះ គឹម ចាន់តី អាយុ៥ឆ្នាំនៅភូមិចំបក់ប្រាសាទ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ក្មេងរងគ្រោះបានស្លាប់ពេលឪពុកម្ដាយយកទៅព្យាបាលជំងឺនៅផ្ទះពេទ្យឯកជនឈ្មោះ ហូ ថុង ភេទស្រី អាយុ៤៥ឆ្នាំនៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។

មុនកើតហេតុឪពុកម្ដាយបានយកកូនទៅព្យាបាលនៅផ្ទះគ្រូពេទ្យ ដោយក្មេងស្រីក្តៅខ្ឡួនបន្តិចបន្តួច។បន្ទាប់មកគ្រូពេទ្យបានចាក់ថ្នាំនៅលើភ្លៅទាំងសងខាងរបស់ក្មេងចំនួន២ម្ជុល។ក្រោយពីចាក់ថ្នាំរួចក្មេងមានអាការប្រកាច់ភ្លាម ហើយគ្រូពេទ្យរូបនោះក៏បានដាក់សេរ៉ូមមួយកំប្លោក ដោយឱ្យឪពុកម្ដាយដឹកកូនតាមម៉ូតូទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះតែក្មេងបានស្លាប់បាត់ទៅហើយ។

មន្ត្រីដដែលបានបន្តថា តាមការពិនិត្យនិងស្រាវជ្រាវគឺពេទ្យឯកជនរូបនេះ ធ្លាប់ព្យាបាលអ្នកជំងឺក្នុងមូលដ្ឋានជាយូរឆ្នាំមកហើយ ដោយមិនមានច្បាប់អនុញ្ញាតពីមន្ទីរឬក្រសួងសុខាភិបាលនោះទេ។ជាមួយនោះក៏មិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកពេទ្យនោះដែរ។មកដល់ពេលនេះគ្រូពេទ្យខាងលើ ក្រោយបង្កឱ្យមានមនុស្សស្លាប់ក៏បានរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនយកអនុវត្តតាមច្បាប់៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *