ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃបើករហូតដល់ថ្ងៃបិទនៃយុទ្ធនាការឃោសនាបោះឆ្នោត ខេត្តបន្ទាយមានជ័យបានបញ្ចប់ទៅយ៉ាងរលូន ក្នុងលទ្ធផលល្អ១០០%

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាការសន្លឹកឆ្នោត របស់គណបក្សនយោបាយ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានបញ្ចប់ទៅយ៉ាងរលូន ក្នុងលទ្ធផលល្អ ១០០%។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ទៅតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន ស្នងការនគរបាលជាតិ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្ត យើងបានចាប់ផ្ដើមចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយរហូត ដល់ថ្ងៃបិទយុទ្ធនាការនៃការឃោសនារកសន្លឹកឆ្នោត ត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។

បរិយាកាសនៃការឃោសនារកសន្លឹកឆ្នោតនេះ បានបញ្ចប់ទៅដោយសិទ្ធិសេរីភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង គ្មានការរើសអើង សន្តិសុខល្អ សណ្ដាប់ធ្នាប់របៀបរៀបរយល្អ រួមទាំងគ្មានបទល្មើសព្រហ្មទណ្ឌ ដែលបង្កធ្វើការរំខាន ដល់ការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយទេ។ មានន័យថា សុវត្ថិភាពទាំងក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក រហូតដល់ខេត្តទាំងមូលគឺ ល្អ ១០០%។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា ការប្រើប្រាស់កម្លាំង ក្នុងការការពារ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ នេះ យើងបានប្រើប្រាស់កម្លាំងសរុបចំនួន ១,៦២៤នាក់ ក្នុងនោះយើងក៏មានកម្លាំងប្រជាការពារដែលបានចូលរួមជាមួយកងកម្លាំងនគរបាល ចំនួន១៨៣នាក់ផងដែរ។

ដែលយើងប្រើប្រាស់ទៅលើការិយាល័យបោះឆ្នោតទូទាំងខេត្តបន្ទាយមានជ័យ មានចំនួន ១,១១៩ការិយាល័យ ដើម្បីធានាអោយបាន នូវសន្តិសុខ និងសុវត្ថិភាពល្អ ជូនការិយាល័យបោះឆ្នោតនីមួយៗ ហើយកម្លាំងនគរបាលរបស់យើង ក៏នៅតែអនុវត្តបន្ត ដោយយកចិត្តទុកដាក់ខ្ពស់ សម្រាប់កិច្ចការការពារនៃដំណើរការការបោះឆ្នោត រហូតដល់ថ្ងៃបិទបញ្ចប់នៃការបោះឆ្នោត រាប់សន្លឹកឆ្នោត ធ្វើយ៉ាងណាដាច់ខាតត្រូវធានាឲ្យបាននូវសុវត្ថិភាព សន្តិសុខឲ្យបានល្អបំផុត។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនិងការការពារនៃហិបឆ្នោត សន្លឹកឆ្នោត ក៏ដូចជាទឹកខ្មៅ និងទីតាំងស៊ិច ដែលបានរៀបចំដាក់នូវសម្ភារៈ នៃការបោះឆ្នោតនេះ គឺថា យើងបានធានានូវការដឹកជញ្ជូន និងការរក្សាទុកយ៉ាងល្អ មុននឹងចែកជូនដល់ការរិយាល័យនីមួយៗ ដោយទទួលបានការទុកចិត្តពី គ.ជ.ប មកលើកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរបស់យើង ១០០% ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *