ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់អគ្គលេខាធិការដ្ធាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតអគ្គលេខាធិការដ្ឋានមួយ ដើម្បីប្រតិបត្តិការនូវការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

យោងតាមអនុក្រឹត្យដែលសម្តេចធិបតី បានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកំណត់តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាននេះដូចខាងក្រោម៖
– គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់ អ.ជ.ក.
– រៀបចំសេចក្តីព្រាងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ជ.ក.
– រៀបចំសេចក្តីព្រាងក្រមសីលធម៌ ក្រមប្រតិបត្តិ សេចក្ដីណែនាំ វិធាន និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អនុវត្តការសម្រុះសម្រួលផ្សះផ្សាវិវាទ
– រៀបចំយន្តការសម្រាប់ទទួលពាក្យបណ្ដឹង និងសំណុំរឿងវិវាទ ដែលស្នើសុំឱ្យមានការសម្រុះសម្រួល ផ្សះផ្សាវិវាទដោយ អ.ជ.ក.
– ពិនិត្យ និងផ្តល់យោបល់លើសំណើសុំនីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទន អ.ដ.ក. – រៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ជ.ក. – គ្រប់គ្រងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.
– រៀបចំផែនការសកម្មភាពសម្រាប់ការសម្រុះសម្រួលផ្សះផ្សាវិវាទនៅមូលដ្ឋាន
– ពិនិត្យ និងផ្តល់យោបល់លើវិវាទដែលត្រូវសម្រុះសម្រួលផ្សះផ្សាដោយ អ.ជ.ក.
– សម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ការងារសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ជ.ក.
– ពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត និងផ្តល់យោបល់លើបណ្ដឹងតវ៉ាចំពោះកំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទ
– ពិនិត្យ និងផ្តល់យោបល់លើទិដ្ឋភាពច្បាប់ចំពោះពាក្យបណ្តឹង និងសំណុំរឿងវិវាទ ក្នុងក្របខ័ណ្ឌ
អ.ដ.ក.
– ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ
– រៀបចំចងក្រង និងបោះពុម្ពផ្សាយនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់នានា ពាក់ព័ន្ធនឹងការងារសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ជ.ក.
– ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការសម្រុះសម្រួលផ្សះផ្សាវិវាទដល់សាធារណជន និង អាជ្ញាធរពាក់ព័ន្ធ
– រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. – រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំរបស់ អ.ដ.ក.
– រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនប្រធាន អ.ជ.ក. – អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រធាន អ.ដ.ក.។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

យោងតាមព្រះរាជក្រឹត្យ បានគូសបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា ដែលសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការស្រុះស្រួលក្រៅប្រព័ន្ធតុលាការ និងកាត់បន្ថយការកកស្ទះសំណុំរឿង ដើម្បីធានាបាននូវភាពសុខដុមរមនាក្នុងសង្គមជាតិ។

ព្រះរាជក្រឹត្យ បានបញ្ជាក់ទៀតថា ការដោះស្រាយវិវាទនៅក្នុងក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវធ្វើឡើងតាមរយៈវិធីសម្រុះសម្រួលផ្សះផ្សា ហើយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទត្រូវផ្តល់ឱ្យភាគីវិវាទនូវឱកាសព្រមព្រៀងដោះស្រាយវិវាទដោយសន្តិវិធី និងដោយគ្មានការសម្រេចសេចក្តីដោយបង្ខំណាមួយឡើយ។ ចំណែកមន្រ្តីដែលត្រូវយកមកសម្រុះសម្រួល ត្រូវជ្រើសរើសចេញពីចំណោមមន្រ្តីរាជការក្របខ័ណ្ឌ ឬចេញពីចំណោមសារការី មេធាវី និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងៗដែលមានជំនាញច្បាប់ឬជំនាញពាក់ព័ន្ធនឹងការដោះស្រាយវិវាទ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *