ព័ត៌មានជាតិ

ខេត្តព្រះវិហារថ្ងៃទី១ បើកយុទ្ធនាការរកសំឡេងឆ្នោតថ្ងៃដំបូងសមាជិកចូលរួមជាង ៣.០០០ នាក់

ព្រះវិហារ៖យុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូងព្រឹកថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៣នេះនៅខេត្តព្រះវិហារមានសមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមប្រមាណជាង៣.០០០នាក់។

លោកមាសសុភាបានប្រកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង ៣.០០០នាក់ មកពីស្រុកត្បែងមានជ័យនិងក្រុងព្រះវិហារ។
ពេលបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូង នៃគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារនាឱកាសនោះ មានការចូលរួមពីសមាជិកព្រឹទ្ធសភា-គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ- អនុប្រធានគណបក្សខេត្ត-បេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌលព្រះវិហារទាំង៦រូប និងក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក-ក្រុង-ខេត្តព្រះវិហារ។
បន្ទាប់ពីបានស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោក មាស សុភា បានថ្លែងទៅកាន់សមាជិកបក្សទាំងអស់ថា ត្រូវត្រៀមខ្លួនត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

លោក ជ ម៉ាប់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ខេត្តព្រះវិហារ មានគណបក្សនយោបាយចូលរួមចំនួន១២។នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដំបូងនៅខេត្តព្រះវិហារនេះ មានតែគណបក្សប្រជាជនកម្ពុជា១តែប៉ុណ្ណោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.បបានឱ្យដឹងថា ការឃោសនារកសំឡេងឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣មានរយៈពេល២១ថ្ងៃ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *