តើគេអាចបែងចែកបានយ៉ាងដូចម្តេច រវាងព័ត៌មានពិត និងព័ត៌មានមិនពិត? តើព័ត៌មានមិនពិតអាចបង្កគ្រោះថ្នាក់យ៉ាងណាខ្លះដល់សង្គម?
នៅពេលបច្ចេកវិទ្យាកាន់តែរីកចម្រើន លទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត មានកាន់តែទូលំទូលាយ ពិសេសនៅតាមបណ្ដាញសង្គម។
អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវពិនិត្យមើលប្រភពព័ត៌មានឲ្យបានច្បាស់មុននឹងដាក់ចិត្តជឿ ថាតើមានបញ្ជាក់ប្រភពទេ ការផ្ទៀងផ្ទាត់លើគេហទំព័រព័ត៌មាន កាសែត ឬស្ថាប័នព័ត៌មានដទៃទៀតទេ?
សម្រាប់អ្នកដែលចូលចិត្តចែករំលែកបន្តព័ត៌មាន អមដោយការបញ្ចេញមតិ ត្រូវច្បាស់ខ្លួនឯងជាមុនសិនថា ព័ត៌មាននោះគឺជារឿងពិត។ ព្រោះក្នុងករណីដែលវាជាព័ត៌មានមិនពិត អ្នកដែលចែករំលែកព័ត៌មាននោះ អាចរងការប្ដឹងផ្ដល់តាមផ្លូវតុលាការ។
ពោលនៅពេលឃើញព័ត៌មានដែលគួរឲ្យសង្ស័យ ពលរដ្ឋមិនត្រូវឆាប់ប្រតិកម្ម ជឿ ឬចែករំលែកភ្លាមៗទេ ដោយត្រូវពិនិត្យពិច័យស្វែងរកប្រភពឲ្យបានច្បាស់លាស់សិន។ ព្រោះព័ត៌មានមិនពិត ភាគច្រើនលើសលុបត្រូវបានប្រឌិតឡើងដើម្បីជាប្រយោជន៍សេដ្ឋកិច្ច ឬដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។