បាត់ដំបង៖បុរសម្នាក់បានប្រើកាំបិតវែងកាប់ប្រពន្ធឱ្យរងរបួសធ្ងន់ ហើយចាក់សោពីខាងក្នុងផ្ទះព្រឹកឡើង ប្រពន្ធប្ដឹងសមត្ថកិច្ចក៏ចាប់ដាក់ខ្នោះ ត្រៀមបញ្ជូនទៅតុលាការ។
អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ស្ថិតនៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមេសា។មន្ត្រីនគរបាលបានឱ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែមេសាថា ជនសង្ស័យឈ្មោះ ឃីង សុខែម អាយុ៣៦ឆ្នាំនៅភូមិឃុំខាងលើ។ចំណែកប្រពន្ធឈ្មោះ រ៉ាប់ សុបិន អាយុ២៧ឆ្នាំនៅភូមិឃុំជាមួយគ្នាបានរងរបួសត្រង់ក្បាលធ្ងន់ធ្ងន់។
មុនកើតហេតុនៅពេលយប់ ក្នុងគ្រួសារនេះបានទាស់សម្តីគ្នាយ៉ាងខ្លាំង រហូតជនសង្ស័យបានប្រើកាំបិតវែងកាប់លើប្រពន្ធឱ្យរងរបួសធ្ងន់ហើយចាក់សោពីខាងក្នុងផ្ទះដោយមិនបានយកប្រពន្ធទៅមន្ទីរពេទ្យទេ។លុះព្រឹកឡើងជនរងគ្រោះបានរាយការណ៍ប្រាប់នគរបាលស្រុកបវេល។ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចក៏ចុះឃាត់ជនសង្ស័យនិងកាំបិត១។
ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ចំណែកជនសង្ស័យត្រូវ ផ្នែកនគរបាលជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕