ព័ត៌មានជាតិ

ផ្ញើសារជូនពរពលរដ្ឋ,មន្ត្រីរាជការនិងកងកម្លាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខេត្តកំពង់ចាម

កំពង់ចាម៖អភិបាលខេត្ដកំពង់ចាម ផ្ញើសារជូនពរប្រជាពលរដ្ឋ មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ញើសារចូលរួមអបអរសាទរទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា។
ក្នុងសារលិខិតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ លោក អ៊ុន ចាន់ដា សម្តែងនូវការកោតសរសើរប្រកបដោយមោទកភាពយ៉ាងក្រៃលែង ជូនចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មបម្រើជាតិ សាសនា និងព្រះមហាក្សត្រ ដោយបាននាំយកមកនូវជោគជ័យ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ។
លោកអភិបាលខេត្ត ក៏បានចូលរួមសារទរ ចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាការពារសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងចូលរួមអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់កម្រិតជីវភាព កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន និងការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលនៃសុខសន្តិភាព។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា ក៏សូមអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សុំបន្តយកចិត្តទុកដាក់បំពេញភារកិច្ច ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឆ្នាំថ្មីនេះ។ក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី តាមជួយថែរក្សា ប្រោសព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល បរវមហាប្រសើរថ្លៃថ្លា ជូនចំពោះមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងសូមទទួលបាននូវសេចក្ដីសុខចម្រើនគ្រប់ក្រុមគ្រួសារ និងទទួលជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *